(បរទេស)៖ តារាចម្រៀងល្បីៗលើពិភពលោក មិនក្រោម៦០នាក់នោះទេ បាននាំគ្នាចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌មួយ ឈ្មោះថា «Global Citizen» ដែលត្រូវបានរៀបចំឡើង នៅបណ្តាទីក្រុងនានាជុំវិញពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ ដូចជានៅទីក្រុង New York, London, សេអ៊ូល និងទីក្រុងប៉ារីស ជាដើម។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ គឺដើម្បីបង្កើនការយល់ដឹង ពីការប្រែប្រួលអាកាសធាតុ និងដើម្បីស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជួយដល់ប្រទេសខ្វះខាត។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ «Global Citizen» គឺត្រូវបានធ្វើឡើងរយៈពេល២៤ម៉ោង កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈមនុស្សរាប់ម៉ឺននាក់ បានចូលរួមទស្សនានៅជុំវិញពិភពលោក និងរាប់លាននាក់ទៀត ទស្សនាតាមការផ្សាយផ្ទាល់លើអនឡាញ។ ជាក់ស្តែង នៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក មានការចូលរួមពីសំណាក់តារាចម្រៀង Jennifer Lopez , Shawn Mendes , Billie Eilish, ក្រុមចម្រៀង Coldplay, និងមានមនុស្សប្រមាណ ៦ម៉ឺននាក់បានចូលរួមទស្សនា។

ក្រៅពីនេះ គឺមានការរៀបចំនៅបណ្តាទីក្រុងផ្សេងទៀត ដូចជាប៉ារីស ប្រទេសបារាំងជាដើម គឺមានការចូលរួមសម្ដែង ពីសំណាក់តារាចម្រៀងជើងចាស់ Elton John, Ed Sheeran និងក្រុម The Black Eyed Peas និងមានមនុស្សប្រមាណ ២ម៉ឺននាក់ បានចូលរួមទស្សនាការប្រគំតន្ត្រីនេះ។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ «Global Citizen» ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុលើភពផែនដី ក៏ដូចជាជំរុញឲ្យប្រទេសអ្នកមាន បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ឲ្យបានចំនួន១ពាន់លានដូស ដល់ប្រទេសខ្វះខាត ដែលត្រូវការចាំបាច់ខ្លាំងផងដែរ។ បន្ថែមពីនេះ តារាល្បីៗដែលបានចូលរួម សុទ្ធតែបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងក្រុមហ៊ុនធំៗ ឲ្យធ្វើការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ លើភពផែនដី៕