(ភ្នំពេញ)៖ ក្រុមហ៊ុន HEINEKEN Cambodia នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានធានាអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយ «ភាពអាសន្នអាកាសធាតុ» របស់ពិភពលោក តាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូលលើកដំបូងរបស់កម្ពុជា។

កិច្ចប្រជុំ CCCS21 រៀបចំឡើងដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារ ក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។

លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការដោះស្រាយ ការប្រែប្រួលអាកាសធាតុនេះ និងបានរំលេចគោលនយោបាយរបស់ក្រុមហ៊ុន និងការវិនិយោគរបស់ក្រុមហ៊ុនលើថាមពលកកើតឡើងវិញនេះផងដែរ។ អព្យាក្រឹត្យភាព កាបូន មិនមែនជាអ្វីថ្មីទេសម្រាប់ក្រុមហ៊ុន។ HEINEKEN កំពុងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ ក្រុមហ៊ុននៅទូទាំងពិភពលោក ហើយក៏កំពុងធ្វើនៅក្នុង ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះផងដែរ។

HEINEKEN ក៏បានចាប់ផ្តើមវិនិយោគលើដំណោះស្រាយថាមពល កកើតឡើងវិញផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពហៅថា ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ ដែលបានដាក់ដំណើរការក្នុងឆ្នាំ២០១០។ គិតត្រឹមឆ្នាំ២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ខ្លួនបាន ៥០%។

ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើរោងចក្រប្រព្រឹត្តកម្មសំណល់រាវ នៅក្នុងរោងចក្រផលិត ស្រាបៀររបស់ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយការដំឡើងរោងចក្រប្រព្រឹត្តកម្មសំណល់រាវនេះ កំពុងត្រូវបានប្រើប្រាស់ធ្វើជាថាមពលកម្តៅ ក្នុងប្រតិបត្តិការផលិត ស្រាបៀររបស់ក្រុមហ៊ុន ដែលជាថាមពលកកើតឡើងវិញមួយក្នុងចំណោមថាមពលកកើតឡើងវិញផ្សេងៗទៀត។ ក្រៅពីនេះក្រុមហ៊ុនក៏ បានរៀបចំការសាងសង់រោងចក្រ ជីវម៉ាសផងដែរ។

លោកស្រី Ollivier បានបន្តថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយHEINEKEN ប្តេជ្ញាចិត្តពន្លឿនសកម្មភាព ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងគោលដៅ ១.៥អង្សាសេ ដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កាលពីខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន HEINEKEN ក៏បានបង្ហាញគោល បំណងថ្មីៗនៅអន្តរជាតិ និងក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានផែនការបញ្ចេញឧស្ម័នកាបូនសូន្យនៅក្នុងផលិតកម្មផ្ទាល់របស់ខ្លួននៅត្រឹមឆ្នាំ២០៣០។

ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន HEINEKEN មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងចង្វាក់ តម្លៃទាំងមូលរបស់ខ្លួនធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូននៅក្នុងចង្វាក់តម្លៃទាំងស្រុង ដោយក្រុមហ៊ុនកំពុង ចាត់វិធានការ ផ្អែកលើវិទ្យាសាស្រ្ត តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅផ្អែកលើវិទ្យាសាស្រ្ត ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ក្រុមហ៊ុន។

លោកស្រី Ollivier បានបន្ថែមថា ក្រៅពីអព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹកសម្រាប់ក្រុមហ៊ុន និងការប្រើប្រាស់ទឹកឡើងវិញផងដែរ។ គោលបំណងរបស់ក្រុមហ៊ុនគឺជំរុញឱ្យមានពិភពលោកមួយប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈដែលក្រុមហ៊ុន ក៏តស៊ូមតិឱ្យពិសារគ្រឿងស្រវឹងក្នុង កម្រិតសមស្រប ដែលទាំងនេះគឺជាសរសរស្តម្ភពីរផ្សេងទៀតនៃគោលបំណង «ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ»របស់ក្រុមហ៊ុន៕