(ភ្នំពេញ)៖ ដូនចាស់មានជន្មាយុ៨០វស្សា បានស្ម័គ្រចិត្តចាក់អាវដោយដៃរបស់ខ្លួនផ្ទាល់ និងចំណាយពេលប្រមាណ៥ខែឯណ្ណោះ ទម្រាំចាក់អាវរួចរាល់ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ជូនដល់កញ្ញា មាស សុខសោភា ដើម្បីស្លៀកពាក់ថតក្នុង MV បទចម្រៀងរបស់ផលិតកម្មរាម សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សូមបញ្ជាក់ថា អ្វីដែលកាន់តែជំរុញទឹកចិត្តលោកយាយ ឲ្យខិតខំចាក់អាវមួយនេះទាំងភ្នែកមើលមិនសូវច្បាស់នោះ ដោយសារតែការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង ចំពោះកញ្ញា មាស សុខសោភា។ ម្យ៉ាងទៀតលោកយាយផ្ទាល់ ក៏មានបំណងចង់ផ្សព្វផ្សាយ និងរក្សាតម្លៃអាវចាក់របស់ខ្មែរ ដែលប្រជាជនកម្ពុជានិយមប្រើក្នុងទសវត្ស៨០ និង៩០ តាមរយៈការថត MV បទចម្រៀងរបស់ផលិតកម្មរាមផងដែរ។

កញ្ញា មាស សុខសោភា បានសម្ដែងក្ដីរំភើប និងសប្បាយចិត្តជាខ្លាំង បន្ទាប់ពីទទួលបានអំណោយ ដ៏វិសេសវិសាលពីលោកយាយ។

បង្ហោះក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួន កញ្ញា មាស សុខសោភា បានបង្ហើបប្រាប់មហាជន និងហ្វេនៗរបស់ខ្លូនថា «ខ្លួនបានពាក់អាវចាក់ដ៏ស្រស់ស្អាតរបស់លោកយាយថត MV បទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ រួចរាល់អស់ហើយ»។

ដូច្នេះសូមអ្នកទាំងអស់គ្នារង់ចាំមើលថា តើ MV បទចម្រៀងដែលកញ្ញាត្រៀមនឹងចេញ ក្នុងផលិតកម្មរាមមានលក្ខណៈពិសេស និងប្លែកពីគេយ៉ាងណាខ្លះ?

ក្នុងនោះយើងសង្កេតឃើញថា មានមហាជនជាច្រើនធ្វើការបញ្ចេញមតិស្ញប់ស្ញែងគ្រប់ៗគ្នា ចំពោះទឹកចិត្តលោកយាយ ដែលចំណាយពេលវេលាយ៉ាងយូរ ដើម្បីធ្វើអាវចាក់ឲ្យក្មេងៗជំនាន់ក្រោយបានឃើញ និងស្គាល់។

រីឯមតិមួយចំនួនវិញទៀត កោតសរសើរយ៉ាងខ្លាំងចំពោះកញ្ញា មាស សុខសោភា និងផលិតកម្មរាម ដែលព្យាយាមលើកកម្ពស់ស្នាដៃ ដ៏ពិសេសរបស់លោកយាយ ខណៈដែលមនុស្សភាគច្រើនតែងមើលរំលង៕

https://www.facebook.com/100044378589181/posts/396462595176357/?d=n