(មីឡែន)៖ ខ្សែបម្រើប្រយុទ្ធ Franck Kessie ត្រូវបានរបាយការណ៍មួយបង្ហាញថា កំពុងមានការផ្តល់អាទិភាពជាច្រើនទៅលេងនៅលីគអង់គ្លេស Premier League បន្ទាប់ពីរូបលោកជិតផុតកិច្ចសន្យាជាមួយក្លិបអ៉ីតាលី AC Milan នៅរដូវក្តៅខាងមុង ខណៈក្លិបធំៗស្ថិតក្នុងការចាប់អារម្មណ៍ដូចជា Manchester United, Liverpool និង Chelsea ដែលអាចនាំយកដោយគ្មានតម្លៃផ្ទេរណាមួយ តែស្ថិតក្នុងមន្ទិលនៅឡើយ។

ប្រភពពី Dailymail បានឲ្យដឹងថា ខ្សែបម្រើវ័យ ២៤ឆ្នាំ Kessie សញ្ជាតិកូឌីវ័រនឹងផុតកិច្ចសន្យាជាមួយក្លិបស្ថិតក្នុងលីគ Serie A នៅបំណាច់រដូវកាលនេះ ដែលធ្វើឲ្យមានការសម្រេចចិត្តមួយសម្រាប់អនាគតរបស់លោកនៅទីផ្សារដោះដូរនាខែមករាខាងមុខ ខណៈរដូវកាលនេះរូបគេលេងបាន ៤ប្រកួតនាពេលបច្ចុប្បន្ន ហើយរដូវកាលមុនលេងបាន ៣៧ប្រកួតជាមួយក្លិប AC Milan និង ៣៥លើកកាលរដូវកាលឆ្នាំ២០១៩-២០២០ ហើយកាលពីពេលកន្លងមកមានក្លិប PSG និង Bayern Munich មានការចាប់សាកសួរផងដែរអំពីស្ថានភាពរបស់គាត់។

Kessie ត្រូវបានមើលឃើញពីទម្រង់ក្នុងការលេងនៅលីគ Premier League ហើយក៏ត្រូវបានជឿថា ក្លិបតោខៀវ Chelsea, Manchester United, Liverpool និង Arsenal ស្ថិតក្នុងគោលដៅធំនៃការសម្រេចមួយដែលមានស្ថានភាពសមស្រប ខណៈកាលពីសប្តាហ៍មុន អ្នកចាត់ការ AC Milan លោក Stefano Pioli បានប្រាប់ពីបំណងថា លោកចង់ឲ្យ Kessie បន្តលេងនៅអ៉ីតាលីទៀត ដោយប្រាប់សាព័ត៌មានអ៉ីតាលីថា «ខ្ញុំចង់ឲ្យ Kessie ចុះកិច្ចសន្យា នៃការចរចាបានបន្តធ្វើឡើងរវាងភ្នាក់ងារគាត់ជាមួយក្លិប ហើយខ្ញុំមិនគិតថា ជាពេលវេលាដែលត្រូវបារម្ភនោះទេ»