(បាត់ដំបង)៖ បន្ទាប់ពីបានឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ អស់រយៈពេលជាច្រើនថ្ងៃ ហើយស្ថានភាពនៃការសម្រាកព្យាបាល របស់អតីតតារាសម្ដែងសិចស៉ី សេង សូណា ហាក់មិនបានធូរស្រាលរួចមក ពេលនេះនាងបានបន្តចេញមុខមករៀបរាប់ ពីស្ថានភាពជំងឺរបស់ខ្លួនបន្ថែមទៀត ហើយតាមរយៈការបញ្ជាក់ប្រាប់ពីអាការៈនេះ គឺ សេង សូណា អាចត្រូវបន្តព្យាបាលរយៈពេលច្រើនថ្ងៃទៀត ព្រោះតែពេលនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

តារាសម្ដែងធ្លាប់មានជីវិតហ៉ីហា ចាយលុយពេញៗដៃ សេង សូណា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃនេះថា រហូតមកដល់ពេលនេះ គឺមានរយៈពេល១៨ ថ្ងៃហើយ ដែលនាងបានឆ្លងជំងឺកូវីដ-១៩ និងកំពុងតែសម្រាកព្យាបាល នៅឯកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩មួយកន្លែង ក្នុងខេត្តបាត់ដំបង និងក្នុងស្ថានភានភាពខ្វះខាតខ្លាំង។ ចាប់តាំងពីបានចូលសម្រាកព្យាបាល មកដល់ថ្ងៃនេះ គឺនាងនៅមិនទាន់ធូរស្បើយទេ ពោលគឺនៅតែមានអាការៈក្អកខ្លាំង ដែលធ្វើឲ្យរូបនាងឆាប់ហត់ និងពិបាកដកដង្ហើម។

តារាសិចស៉ី ចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំរូបនេះបន្តថា មិនត្រឹមតែមានផ្ទុកនូវជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ រាល់ថ្ងៃនេះនាងក៏បានជំងឺច្រើនមុខទៀតដូចជា ជំងឺទឹកនោមប្រៃ, ឡើងជាតិអាស៉ីត ជាតិខ្លាញ់ និងទើបតែវះកាត់ជំងឺគីសផងដែរ។ សេង សូណា និយាយថា «ពិបាករ៉ាយរ៉ាប់ណាស់បង.. ខ្ញុំមានជំងឺច្រើនមុខទៀត ហើយពេលនេះ ខ្ញុំនៅតែក្អកខ្លាំង ហើយកន្លែងព្យាបាលនៅទីនេះ គឺអត់មានកន្លែងហាត់ប្រាណ ដូចនៅភ្នំពេញទេបង..និយាយទៅយើងពិបាកបន្តិចហើយ។ ខ្ញុំចូលមកទីនេះតាំងពីថ្ងៃទី២៥ ខែកញ្ញាមកម្ល៉េះ ហើយមិនដឹងថ្ងៃណាបានធូរស្បើយ បានចេញទៅផ្ទះវិញនោះទេ..!»។

សេង សូណា បន្តទៀតថា បន្ទាប់ពីជួបប្រទះនូវជំងឺដ៏កាចសាហាវនេះហើយ រូបនាងពេលនេះ ក៏កំពុងជួបនូវបញ្ហាខ្វះខាតយ៉ាងខ្លាំង ជាពិសេសសម្ភារៈដែលត្រូវប្រើប្រាស់ អំឡុងពេលសម្រាកព្យាបាល ខណៈដែលស្ថានភាពជំងឺ និងសុខភាពរបស់នាង ក៏មិនសូវអំណោយផល។ បន្ទាប់ពីត្អូញត្អែពីការខ្វះខាតរួចមក នាងក៏បានទទូចដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈដូចគ្នា មេត្តាជួយដល់រូបនាង ទោះតិចក្ដីច្រើនក្ដី ដើម្បីសម្រួលដោះស្រាយដល់ការលំបាកនេះ។

សូមបញ្ជាក់ថា អតីតតារាសម្ដែងចូលចិត្តលេងខ្លួនសិចស៉ី កញ្ញា សេង សូណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសជាសាធារណៈថា នាងបានឆ្លងជំងឺកូវីដ-១៩ ហើយក៏កំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង រហូតធ្លាក់ខ្លួនដុនដាបក្នុងកម្រិតជីវភាពមួយស្ទើរតែហៅលែងឮ ខណៈសម្រស់របស់នាងក៏ប្រែប្រួលខុសពីពេលមុនឆ្ងាយ មើលស្ទើរតែមិនចង់ស្គាល់ទៀតផង៕