(ប៊ុយនុសអ៊ែរីស)៖ កីឡាករ Lionel Messi នឹងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតចំនួន៣ នាពេលខាងមុខ នៃការប្រកួតវគ្គជម្រុះ World Cup ប្រចាំទ្វីបអាមេរិកខាងត្បូង, នេះបើតាមការបញ្ជាក់ ពីសមាគមបាល់ទាត់អាហ្សង់ទីន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានតែងតាំងបញ្ចូលក្នុងក្រុម៣០នាក់ របស់អាហ្សង់ទីន បើទោះបីជាបានខកខាន ការប្រកួតចំនួន២លើកចុងក្រោយ របស់ក្លិប Paris Saint-Germain ដោយសារតែបញ្ហារបួសជង្គង់ក៏ដោយ។

អ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni ក៏បានដាក់បញ្ចូលកីឡាករ Paulo Dybala, ដែលបានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក នៅអំឡុងពេលការប្រកួតឈ្នះ៣-២ របស់ក្លិប Juventus លើក្លិប Sampdoria កាលពីថ្ងៃអាទិត្យ ដោយសារតែរបួសភ្លៅផងដែរ។

ជាមួយគ្នានោះ, លោក Scaloni ក៏បានកោះហៅកីឡាករ Lucas Alario ខ្សែប្រយុទ្ធក្លិប Bayer Leverkusen និងអ្នកចាំទី Esteban Andrada របស់ក្លិប Monterrey ផងដែរ។

ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងជួបក្រុមប៉ារ៉ាហ្គាយ នៅរដ្ឋធានី Asuncion នៅថ្ងៃទី៧ ខែតុលា មុនពេលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមអ៊ុយរ៉ូហ្គាយ និងប៉េរូ នៅរដ្ឋធានី Buenos Aires នៅថ្ងៃទី១០ និង១៤ ខែតុលា។

ក្រុមដែលដឹកនាំដោយលោក Scaloni នេះ បច្ចុប្បន្ន ស្ថិតនៅលំដាប់ទី២ ឈរនៅពីក្រោយក្រុមប្រេស៊ីល ក្នុងចំណោមក្រុមចំនួន១០ នៅទ្វីបអាមេរិកខាត្បូង ជាមួយនឹងជ័យជំនះ៥ប្រកួត និងស្មើ៣ប្រកួត ពីការប្រកួតចំនួន៨របស់ពួកគេ គិតមកទល់ពេលនេះ។

ក្រុមខ្លាំងចំនួន៤ នឹងទទួលបានភាពស្វ័យប្រវត្តិ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសកាតា ស្របពេលដែលក្រុមលេខរៀងទី៥ នឹងត្រូវបន្តទៅប្រកួតជម្រុះអន្តរទ្វីប៕