(ឡុងដ៍)៖ ខ្សែបម្រើក្លិប Chelsea កីឡាករ N'Golo Kante នឹងមិនចូលរួមក្នុងការប្រកួតរបស់ក្រុម ក្នុងលីគ Champions League នៅថ្ងៃពុធស្អែកនេះ ដែលត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Juventus នោះទេ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការរកឃើញវិជ្ជមានរបស់ Kante គឺជាបញ្ហាលំបាកមួយទៀត សម្រាប់លោក Tuchel ដោយសារក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League មួយនេះ ក៏មិនមានវត្តមានខ្សែបម្រើស្លាប Christian Pulisic, ខ្សែបម្រើ Mason Mount និងខ្សែការពារ Reece James ផងដែរ ដោយសារបញ្ហារបួស។

លោក Tuchel បានលើកឡើងថា លោកមិនបានដឹងថា មានប៉ុន្មាននាក់នៃកីឡាកររបស់លោក បានទទួលការចាក់វ៉ាក់សាំងនោះទេ ហើយបើទោះបីជាលោកនឹងចាក់វ៉ាក់សាំង លោកក៏នឹងមិនបង្ខំអ្នកដទៃ ឲ្យធ្វើដូចលោកដែរ៕