(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ ដ៏មានសក្តានុពលមួយ របស់ក្រុមហ៊ុនវិស្វកម្ម និងសំណង់ ហានស៊ីន (Hansin) នៃប្រទេសកូរ៉េខាងត្បូង ក្នុងប្រទេសកម្ពុជា មានទីស្នាក់ការកណ្តាលស្ថិតនៅខណ្ឌមានជ័យ បានពង្រីកភាពជាដៃគូ យុទ្ធសាស្រ្តរបស់ខ្លួន ជាមួយក្រុមហ៊ុន បុងកាហ្វេ (ខេមបូឌា) អិលធីឌី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់កាហ្វេឈានមុខគេ នៅអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងមជ្ឈឹមបូព៌ា ដែលបច្ចុប្បន្ន ស្ថិតនៅអគារអូឡំាព្យាស៊ីធី រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនភាពងាយស្រួល ដល់អ្នកដែលចូលចិត្តអាជីវកម្មកាហ្វេ និងម្ចាស់ហាងកាហ្វេនៅកម្ពុជា ឲ្យមានម៉ាស៊ីនអេសប្រេសសូ ដែលមានគុណភាពខ្ពស់ និងឧបករណ៍ឆុងកាហ្វេជាច្រើនប្រភេទទៀត តាមរយៈកម្ចីអាជីវកម្មដ៏សម្បូរបែបរបស់ជោគជ័យ។
ជាមួយយុទ្ធសាស្ត្រដៃគូអាជីវកម្មនេះ អតិថិជនទាំងអស់ អាចសម្រេចក្តីសុបិន្តរបស់ខ្លួន ក្នុងការក្លាយទៅជាម្ចាស់អាជីវកម្មកាហ្វេ ឬអាចទិញម៉ាស៊ីនឆុងកាហ្វេ ដែលមានគុណភាពខ្ពស់ ដោយគ្រាន់តែដាក់នូវប័ណ្ឌសំគាល់យានយន្ត (កាតគ្រីឡាន/ម៉ូតូ) ជាវត្ថុបញ្ចាំ ដើម្បីស្មើសុំកម្ចីពី ជោគជ័យ ហ្វាយនែន ក្នុងអត្រាការប្រាក់សមរម្យ ជាមួយលក្ខខណ្ឌកម្ចីងាយស្រួល និងឆាប់រហ័ស។
លោក Harry Wong នាយកគ្រប់គ្រងក្រុមហ៊ុន បុងកាហ្វេ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចាប់ដៃគូ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ក្នុងថ្ងៃនេះ។ យើងរំពឹងថា ការចាប់ដៃគូនេះ នឹងជំរុញឲ្យអាជីវកម្មរបស់យើង មានការរីកចម្រើន និងមានការគាំទ្រកាន់តែច្រើន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។ សម្រាប់អតិថិជនរបស់យើង ដែលតែងតែមានបំណងចង់ទិញនូវម៉ាស៊ីនឆុងកាហ្វេ (espresso machines) ដែលមានគុណភាពខ្ពស់ និងឧបករណ៍ឆុងកាហ្វេ ជាច្រើនប្រភេទទៀត លោកអ្នកនឹងអាចសម្រេចក្តីស្រមៃរបស់លោកអ្នកបាន តាមរយៈការចាប់ដៃគូអាជីវកម្មនេះ»។
ជាមួយគ្នានេះដែរ លោក Ryan Gil Park នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ក៏បានបញ្ជាក់ឲ្យដឹងដែរថា «នៅក្នុងទស្សនវិស័យរបស់ជោគជ័យ ហ្វាយនែន យើងតែងតែជឿជាក់ ក្នុងការជ្រើសរើសយុទ្ធសាស្រ្តល្អៗ មកប្រើប្រាស់តាមសម័យកាល។ ដូច្នេះហើយកម្មវិធី ចុះហត្ថលេខាចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន បុងកាហ្វេ ខេមបូឌា ក្នុងថ្ងៃនេះ ខ្ញុំជឿជាក់ថា ការចាប់ដៃគូអាជីវកម្មនេះ នឹងធ្វើឲ្យឧស្សហកម្មកាហ្វេ ក៏ដូចជាអាជីវកម្មកាហ្វេក្នុងប្រទេសកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខ។ យើងពិតជារីករាយណាស់ ដែលបានចាប់ដៃគូរអាជីវកម្ម ជាមួយដៃគូរដែលមានទស្សនៈវិស័យដូចគ្នា។ យើងជឿជាក់យ៉ាងមុតមាំថា ការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន បុងកាហ្វេ ខេមបូឌានេះ នឹងមានភាពយូរអង្វែងនិងប្រកបដោយផ្លែផ្កា»៕