(កូរ៉េ)៖ «Squid Game» គឺជាខ្សែភាពយន្តបែបរន្ធត់របស់កូរ៉េ ដែលកំពុងតែទទួលបានការគាំទ្រ និងមានការនិយមទស្សនាយ៉ាងខ្លាំង នៅទូទាំងទ្វីបអាស៉ី ក្នុងនោះរួមទាំងទស្សនិកជននៅកម្ពុជាផងដែរ សុទ្ធតែជក់ចិត្តទស្សនារឿងដ៏រន្ធត់នេះ។ ងាកមកតួឯកក្នុងរឿងនេះ គឺលោក Lee Jung Jae មានជីវិតលំបាកតោងយ៉ាក រយីករយាកនៅក្នុងរឿង គឺបានបង្ហាញចំណាប់អារម្មណ៍ពិតថា លោកមិនធ្លាប់រំពឹងសោះឡើយថា ខ្សែភាពយន្តមួយនេះទទួលបានភាពជោគជ័យខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ជាការពិត បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់ សម្លាប់មនុស្សឆៅៗមួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។

តារាសម្តែងដែលជាតួឯកក្នុងរឿងនេះ គឺលោក Lee Jung Jae សម្តែងជាតួអង្គឈ្មោះ Seong Gi Hun បានថ្លែងប្រាប់កាសែតក្នុងស្រុកថា លោកពិតជាមិននឹកស្មានថា រឿង «Squid Game» ទទួលបានការនិយមទស្សនាទូទាំងពិពលោក ដូចពេលនេះទេ ពោលគឺគ្រាន់តែរំពឹងថា ទទួលការគាំទ្រសម្រាប់តែក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។ តែយ៉ាណានៅពេលនេះ ក្រោយពីបានចាក់បញ្ចាំងក្នុង Netflix រឿងនេះក៏ល្បីទូទាំងពិភពលោក ដែលនេះជាជោគជ័យដ៏ធំមួយផងដែរ។

គួរជម្រាបថា «Squid Game» ជាភាពយន្តបែបរន្ធត់មួយ ដែលនិយាយពីមនុស្សចំនួន ៤៥៦នាក់ ចូលរួមលេងហ្គេមដ៏រន្ធត់ និងអាថ៌កំបាំង ដែលចុងក្រោយមនុស្សទាំងនោះ ត្រូវបានបាត់បង់ជីវិតទាំងអស់ ដោយសារចាញ់ហ្គេម និងនៅរស់តែម្នាក់គត់ គឺអ្នកឈ្នះ ខណៈអ្នកឈ្នះ គឺតារាសម្តែង Lee Jung Jae នេះឯង។ អ្នកដែលឈ្នះហ្គេមនេះ គឺទទួលបានប្រាក់រង្វាន់ប្រមាណ ៣៨,៥៥៥,៨៧៩ ដុល្លារអាមេរិក ដើម្បីយកទៅដោះបំណុល។

ចាងហ្វាងផលិតកម្មរឿងនេះ គឺលោក Hwang Dong-hyuk ធ្លាប់បាននិយាយថា ហ្គេមនៅក្នុងរឿង «Squid Game» គឺជាហ្គេម ដែលក្មេងៗកូរ៉េតែងតែលេងជាទូទៅ។ លោក Hwang Dong-hyuk និយាយថា លោកចង់បង្កើតនូវសតិអារម្មណ៍មួយនៃការភ្ជាប់គ្នា រវាងហ្គេមប្រពៃណីនេះ និងការប្រកួតប្រជែងគ្មានទីបញ្ចប់ ឲ្យចូលទៅក្នុងអារម្មណ៍យុវវ័យ។ លោកថា «វាតែងមានបន្លាមួយ ក្នុងការចងចាំដ៏ល្អបំផុត និងអាក្រក់បំផុតរបស់យើង ដែលផ្លាស់ប្តូរទៅក្នុងភាពពិតដ៏ព្រឺព្រួចបំផុត»៕