(អាមេរិក)៖ ក្រុមហ៊ុន Apple បានទទួលរងនូវពាក្យបណ្ដឹងថ្មីមួយទៀតពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការរចនាទៅលើមុខងារកាមេរ៉ា ដោយបានរំលោភលើប៉ាតង់របស់ក្រុមហ៊ុន KT Imaging (KTI) ចំនួន ៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន KTI បានឱ្យដឹងថា ក្រុមហ៊ុន Apple បានរំលោភលើប៉ាតង់របស់ខ្លួនដែលមានចន្លោះឆ្នាំ ២០០៤ រហូត ដល់ឆ្នាំ ២០២១ ដោយក្នុងនោះគឺសុទ្ធសឹងតែជាប៉ាតង់ដែលទាក់ទងនៅនឹងមុខងារកាមេរ៉ា ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយថា វាមាន អ្វីខ្លះ នោះទេ។

ឧបករណ៍ Apple ដែលបានប្រើប្រាស់ប៉ាតង់របស់ KTI ដោយគ្មានការអនុញ្ញាតនោះរួមមាន iPad ជំនាន់ទី៤, iPhone 6s, MacBook Air, iPad mini និង iPhone 8 Plus។

ក្រុមហ៊ុនក៏ធ្លាប់បានប្ដឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតផងដែរដូចជា Kyocera, Lightcomm Technology , Panasonic, Acer, Asus, Foxconn's Dynabook, LG, Samsung ,Dell, Google និង Microsoft ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងទៅនឹងប៉ាតង់ស្រដៀងគ្នា ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពាក្យបណ្ដឹងគឺក្រុមហ៊ុន KTI បានទាមទារសំណងពីក្រុមហ៊ុន Apple ក្នុងទឹកប្រាក់មួយដ៏ច្រើនសន្ធឹកផងដែរ ប៉ុន្តែមិនត្រូវបានបង្ហាញជាសាធារណ:ឡើយ៕