(អាមេរិក)៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ត្រូវបានផាកពិន័យជាទឹកប្រាក់ ចំនួន ៤០លានអឺរ៉ូ ប្រហែល ៤៦,៩លានដុល្លារអាមេរិក នៅក្នុងប្រទេសហូឡង់ ដោយសារតែបានកំណត់តម្លៃនៃការលក់ទៅលើផលិតផលរបស់ខ្លួន ដែលទង្វើមួយនេះបាន ល្មើសទៅនឹង ច្បាប់ ប្រកួតប្រជែង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានកំណត់ តម្លៃទៅលើការលក់ ទូរទស្សន៍នៅក្នុងប្រទេសហូឡង់អស់រយ:ពេលជាច្រើនឆ្នាំមកហើយ និងបានជំរុញឱ្យអ្នកលក់រាយទាំងអស់ដំឡើង តម្លៃ បើសិនជាតម្លៃដែលពួកគេបានលក់ទាបជាង តម្លៃដែល Samsung បានកំណត់។
និយ័តកររបស់ប្រទេសហូឡង់បានលើកឡើងថា ការកំណត់តម្លៃបែបនេះរបស់ក្រុមហ៊ុន Samsung បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង រវាងហាងលក់ទំនិញអេឡិចត្រូនិកអនឡាញធំៗចំនួន៧ នៅក្នុងប្រទេសហូឡង់ ខណ:ដែលការណែនាំ ឬការជំរុញរបស់ Samsung ឱ្យ លក់ ក្នុងតម្លៃដែលបានកំណត់នេះគឺមិនមែនជាការកំណត់បែបលក្ខណ:បុគ្គលនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងទាំងមូល។
ពាក់ព័ន្ធនឹងការផាកពិន័យនេះ ត្រូវបានក្រុមហ៊ុន Samsung លើកឡើងថា ខ្លួននឹងប្ដឹងឧទ្ធរណ៍ និងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនបាន បង្ខំឱ្យអ្នកលក់រាយប្រើប្រាស់យុទ្ធសាស្ត្រ (ការកំណត់តម្លៃ) របស់ខ្លួនដើម្បីលក់ទំនិញទាំងនោះឡើយ ផ្ទុយទៅវិញហាងទាំងនោះគឺមានសេរីភាព ក្នុងការកំណត់យុទ្ធសាស្ត្រក្នុងការលក់ផ្ទាល់ខ្លួន៕