(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Big Tech របស់អាមេរិក Google បានប្រាប់ទៅកាន់តុលាការសហភាពអឺរ៉ុបថា ការផ្ដល់ប្រាក់ទៅឱ្យ ក្រុមហ៊ុន ផលិតស្មាតហ្វូនជាថ្នូរនឹងការបញ្ចូលមុខងារ Google Search នៅក្នុងទូរស័ព្ទរបស់ពួកគេគឺមិនមានបំណងរារាំងការប្រកួតប្រជេង នោះទេ ប៉ុន្តែវា គឺជាការចាំបាច់សម្រាប់ពង្រីកសក្កានុពល និងវិសាលភាពនៃប្រព័ន្ធដំណើរ Android ដើម្បីដណ្ដើមយកចំណែកទីផ្សារដោយភាពស្មោះត្រង់ ជា មួយ នឹង Apple។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google បានព្យាយាមពន្យល់ និងបកស្រាយទៅកាន់តុលាការសហភាពអឺរ៉ុបដើម្បីឱ្យច្រានចោលការចោទប្រកាន់ និងការផាកពិន័យជាប្រាក់រហូតដល់ ៣,៧ពាន់លាន ដុល្លារ អាមេរិក។

អ្នកឃ្លាំមើលការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បានរកឃើញថា ក្រុមហ៊ុន Google បានសហការជាមួយនឹង ក្រុមហ៊ុនផលិតទូរស័ព្ទឱ្យបញ្ចូល មុខងារ Google Search ទៅលើទូរស័ព្ទដៃដែលពួកគេបានផលិត និងបានផ្ដល់ថ្នូរមកវិញជាប្រាក់ ប៉ុន្តែមិនបានបញ្ជាក់ថាការផ្ដល់ប្រាក់ជាថ្នូរនោះ គឺ ត្រូវធ្វើឡើងដោយវិធីណានោះទេ។

ក្រុមហ៊ុន Google បានលើកឡើងថា វាមិនមែនជារឿងខុសច្បាប់នោះទេ តែផ្ទុយទៅវិញវាគឺជាការផ្ដល់ប្រាក់លើកទឹកចិត្ត និងប្រាក់ចំណូល បន្ថែម សម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ ដោយពួកគេគ្រាន់តែដាក់បញ្ចូលមុខងារ Google Search ហើយវាក៏មិនបានរារាំង ឬបិទខ្ទប់ទីផ្សារប្រកួតប្រជែងផដែរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ តុលាការសហភាពអឺរ៉ុបអាចនឹងលើកយកមកបើកសវនាការនៅឆ្នាំ២០២២ ដោយនៅពេលនេះទុកពេលឱ្យ Google ស្វែងរកភស្ដុតាង និងអំណេះអំណានផ្សេងៗដើម្បីយកមកការពារខ្លួន៕