(ស៊ីដនី)៖ ព្រឹត្តិការណ៍ប្រណាំងកង់ Tour Down Under ឆ្នាំ២០២២ នៅប្រទេសអូស្ត្រាលី, ដែលគ្រោងនឹងធ្វើឡើង នៅខែមករានោះ, ត្រូវបានលុបចោលឆ្នាំទី២ជាប់គ្នា ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា ការដាក់ចេញវិធានការចត្តាឡីស័ក របស់ប្រទេសនេះ គឺជាឧបសគ្គចម្បង ក្នុងការនាំក្រុមកីឡាករ ទៅប្រទេសអូស្ត្រាលី។
«បើទោះបីជាមានការខិតខំប្រឹងប្រែង របស់អ្នកគ្រប់គ្នាក៏ដោយ, វាគឺមានការសោកស្តាយណាស់ ដែលយើងប្រកាសថា ព្រឹត្តិការណ៍ Santos Tour Down Under...នឹងមិនធ្វើឡើងនោះទេ ក្នុងឆ្នាំ២០២២», នេះបើតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
គួររំលឹកថា ការប្រណាំងបានធ្វើឡើងចុងក្រោយ ក្នុងឆ្នាំ២០២០។ អ្នករៀបចំកម្មវិធី បានឲ្យដឹងថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ក្នុងស្រុកមួយ ចាប់ពីថ្ងៃទី២១-២៩ ខែមករា ដែលគេហៅថា Santos Festival of Cycling នៅតាមដងផ្លូវ នៃទីក្រុង Adelaide និងរដ្ឋ South Australia៕