(ភ្នំពេញ)៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១៧ ហើយនៅល្ងាចថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ ខណៈលទ្ធផលគូពិសេស ២ប្រកួតថ្ងៃនេះ រួមមានក្រុមបឹងកេត បានចែក ១ពិន្ទុម្នាក់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្រោយប្រកួតស្មើគ្នា ១-១ ស្របពេលក្រុមភ្នំពេញក្រោន បានឡើងឈរកំពូលតារាងបណ្ដោះអាសន្នវិញ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល ៣-២។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុនដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Lopez Mendy នៅនាទី៤៩ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ ប៉ុន្ដែឱកាសសងសឹករបស់ក្រុមលោក Conor Nestor បានរបូតទៅវិញ បន្ទាប់ពីអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ភ្លាត់បោះបាល់មកប៉ះនឹង សៀង ចន្ថា ត្រូវបានខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បណ្ដើរទៅស៊ុតបញ្ចប់ទីតាមស្មើ ១-១ ឲ្យបឹងកេតនៅនាទី៧៩ ហើយរក្សាលទ្ធផលនេះដល់ចប់ការប្រកួតតែម្ដង។
រីឯជំនួបដ៏ក្ដៅគគុកនៅកីឡដ្ឋានស្ដាតចាស់វិញ ភ្នំពេញក្រោន បានបំប៉ោងសំណាញ់ទីក្រុមណាហ្គាវើលដ៏ ២គ្រាប់មុននៅវគ្គទី១ ដោយកីឡាករ Adres Nieto នៅនាទី២៣ និង ប្រាក់ ធីវ៉ា នៅនាទី៤៣។ ចូលវគ្គទី២ ណាហ្គាបានវាយបក ១គ្រាប់វិញ នៅនាទី៦២ ដោយកីឡាករ Marcio មុនកីឡាករ Neito បន្ថែមគ្រាប់ទី៣ ឲ្យក្រុមសិង្ហក្រហម នៅនាទី៧៤។ បន្ទាប់មកណាហ្គាវើលដ៏ បានព្យាយាមវាយសម្រុកកាន់តែខ្លាំងរហូតរកបាន ១គ្រាប់ទៀតពីខ្សែប្រយុទ្ធ Marcio ដដែលនៅនាទី៨០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
តាមរយៈលទ្ធផលខាងលើនេះ បានធ្វើឲ្យក្រុមភ្នំពេញក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួត ឈ្នះ ១១ ស្មើ ៤ និងចាញ់ ១ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ដែលធ្លាក់មកឈរលេខរៀងទី២ មាន ៣៥ពិន្ទុ។ រីឯវិសាខា និងបឹងកេត ឈរលេខ៣ និងលេខ៤ មាន ៣៤ពិន្ទុស្មើគ្នា។ បច្ចុប្បន្នលីគកំពូលកម្ពុជា នៅសល់បេក្ខភាព ៤ក្រុមនេះប៉ុណ្ណោះ ដែលមានឱកាសដណ្ដើមពាន ខណៈបេក្ខភាព Top-8 ៤ក្រុមទៀត បានអស់ឱកាសទៅហើយរួមមានណាហ្គាវើលដ៏ អង្គរថាយហ្គឺរ កងយោធពលខេមរភូមិន្ទ និងគិរីវង់៕