(អាមេរិក)៖ លោក Tim Cook នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple ថ្មីៗនេះត្រូវបានគេរាយការណ៍មកថា បានទទួល ហ៊ុន ថ្មី ចំនួន ២៥៥០០០ហ៊ុន ពីក្រុមហ៊ុន Apple បន្ថែមទៀត ដែលវាជាផ្នែកមួយនៃរង្វាន់លើកទឹកចិត្តសម្រាប់ការកាន់តំណែងរបស់លោករហូតដល់ ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

កាលពីខែសីហាកន្លងទៅនេះ លោក Tim Cook ទទួលបានហ៊ុន ជាច្រើនជាង ៥លានហ៊ុនពីក្រុមហ៊ុន Apple ក្នុងខួប ១០ឆ្នាំនៃការឡើងកាន់ តំណែង CEO នៅក្នុងក្រុមហ៊ុន ដែលវាមានតម្លៃរហូតដល់ទៅជាង ៧៥០លានដុល្លារអាមេរិក ខណៈដែលនៅថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនេះ គណៈកម្មការមូលបត្របានបង្ហាញឱ្យដឹងថាលោក Tim Cook ទទួលបានហ៊ុនថ្មីចំនួន ២៥៥០០០ហ៊ុន ពីក្រុមហ៊ុន Apple ដែលវាមានតម្លៃហូតដល់ ៣៦,៥លានដុល្លារអាមេរិក។

គិតមកដល់ពេលនេះ គេមិនអាចកំណត់បានទេថា លោក Tim Cook មានហ៊ុនចំនួនប៉ុន្មាននៅក្នុងក្រុមហ៊ុន Apple ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០២០ សារព័ត៌មានខាងលើបានចេញផ្សាយថា លោក Tim Cook បានកាន់កាប់ចំណែកហ៊ុនដ៏ច្រើនសន្ធឹកនៅក្នុងក្រុមហ៊ុន Apple លើសពី ការស្មាន។

យោងតាមការចេញផ្សាយរបស់ Apple Insider បានឱ្យដឹងថា លោក Tim Cook អាចនឹងទទួលបានចំណែកហ៊ុនពីក្រុមហ៊ុន Apple រហូតដល់ ១លានហ៊ុន ដោយគិតចាប់ពីពេលនពរហូតដល់ ឆ្នាំ២០២៥ ដែលវាជារង្វាន់លើកទឹកចិត្តក្នុងនាមជា CEO ខណៈដែលប្រាក់បៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំគឺនៅតែទទួលបានដដែល។

នៅដើមសប្ដាហ៍នេះ លោក Tim Cook បានប្រកាសថា លោកនឹងបរិច្ចាគនូវហ៊ុនរបស់លោកស្ទើរតែទាំងអស់នៅពេលដែលលោកស្លាប់ ខណៈដែល ប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានបរិច្ចាគនូវចំណែកហ៊ុនរបស់លោកដែលមាននៅក្នុងក្រុមហ៊ុន Apple ជាច្រើនទៅកាន់ មូលនិធិនានា នៅជុំវិញពិភពលោក៕