(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន និងជាក្រុមហ៊ុនឈានមុខគេលើការផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Huawei បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថា ខ្លួនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការស៊ុយអែតកាលពីខែមិថុនា ដែលបានគាំទ្រការហាមឃាត់ក្រុមហ៊ុនចិនសម្រាប់ការលក់ឧបករណ៍ 5G នៅក្នុងប្រទេសនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានស្នើសុំសវនាការផ្ទាល់មាត់ក្នុងករណីនេះ ប៉ុន្តែសាលាឧទ្ធរណ៍អាចសម្រេច ថាតើសវនាការបែបនេះគួរត្រូវបានធ្វើឡើង ឬសេចក្តីសម្រេចបឋមពីតុលាការយុត្តិធម៌អឺរ៉ុបគួរតែត្រូវបានស្នើសុំ។
តុលាការស៊ុយអែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សន្តិសុខរបស់ស៊ុយអែត មានសារៈសំខាន់យ៉ាងខ្លាំង ហើយតុលាការរដ្ឋបាលបានគិតគូរថា មានតែប៉ូលីសសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ដែលអាចរក្សាស្ថានភាពសន្តិសុខ និងការគំរាមកំហែងដល់ប្រទេសស៊ុយអែត»។
គួរបញ្ជាក់ផងដែរថា តុលាការស៊ុយអែតបានចេញសេចក្ដីសម្រេចហាមឃាត់ក្រុមហ៊ុន Huawei ដោយមិនឱ្យមានការផ្គត់ផ្គង់ឧបករណ៍ 5G ដល់ក្រុមហ៊ុនទូរស័ព្ទស៊ុយអ៊ែតដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខដែលលើកឡើង៕