(អាមេរិក)៖ TikTok ជាកម្មវិធីកម្សាន្តមួយដែលកំពុងតែល្បីល្បាញយ៉ាងខ្លាំងសម្រាប់ការលេងកម្សាន្តនៅលើទូរស័ព្ទដៃនៅជុំវិញពិភពលោក និងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ត្រូវបានគេរាយការណ៍មកថា បានក្លាយជា App មួយដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។

របាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នវិភាគទិន្នន័យ SensorTower បានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាសទី៣ឆ្នាំនេះ TikTok គឺជា App មួយដែលរកចំណូលបានខ្ពស់ជាងគេបំផុតនៅជុំវិញពិភពលោកទាំងនៅលើ Play Store និង App Store ស្របពេលដែលមានអ្នក Install សរុបចំនួនជាង ៣ពាន់លានដង។

TikTok មិនត្រឹមតែជាងកម្មវិធីដែលរកចំណូលបានច្រើនជាងគេបំផុតប៉ុណ្ណោះទេ វាក៏ជាកម្មវិធីមួយដែលមានអ្នក Install ច្រើនជាងគេបំផុតផងដែរនៅក្នុងត្រីមាសទី៣ ទាំងនៅលើ App Store និង Play Store ហើយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងរហូតដល់ ១៣០ភាគរយ។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកប្រើប្រាស់ TikTok ប្រចាំខែ បានកើនឡើងរហូតដល់ ១ពាន់លាននាក់នៅទូទាំងពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងអាស៊ីអាគ្នេយ៍គឺជាទីផ្សារធំបំផុតដែលមានអ្នកប្រើប្រាស់កម្មវិធី TikTok ច្រើនជាងគេ៕