(ភ្នំពេញ)៖ TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការ របស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់កម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជា បន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ តាមរយៈក្រុមអ្នកបង្កើត TikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេស មានអត្រាខ្ពស់យ៉ាងណាក៏ដោយ។
យុទ្ធនាការនេះក៏មានបំណងដោះស្រាយ រាល់ការយល់ច្រឡំជុំវិញបញ្ហាវីរុសរាតត្បាតសកល។ ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ដែលកំពុងចូលរួមចំណែក ក្នុងយុទ្ធនាការនេះ រួមមាន We-Pharm វេជ្ជបណ្ឌិត មនោរ័ត្ន វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា និងវេជ្ជបណ្ឌិត ស៊ីម ផល្លី។ TikTok ក៏ទទួលបាននូវអ្នកគាំទ្រចម្រុះ កាន់តែច្រើននៅកម្ពុជា។
ទាំងនេះ គឺជាហេតុផលដែលក្រសួងទាំងពីរ មានផែនការបង្កើតយុទ្ធនាការអប់រំ ដោយប្រើប្រាស់តំណរភ្ជាប់សញ្ញា #KhmerVacc។ យុទ្ធនាការនេះក៏មានបំណងក្រើនរំឭក ដល់ពលរដ្ឋកម្ពុជាឱ្យនៅតែមានការប្រុងប្រយ័ត្ន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងសកលនេះ ក៏មានការបញ្ចូលបដាផ្សព្វផ្សាយ និងទំព័រវេបសាយក្នុងស្រុក ដែលនឹងផ្ដល់ព័ត៌មានពិតអំពីការវ៉ាក់សាំង និងសកម្មភាពក្រោយចាក់វ៉ាក់សាំង ដោយបង្ហាញផ្លូវអ្នកប្រើប្រាស់ ចូលទៅរកប្រភពព័ត៌មានផ្លូវការផ្ទាល់ ដូចជា វេបសាយព័ត៌មានអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ https://www.search.vaccine.gov.kh/ ព័ត៌មានស្ដីពីកាតវ៉ាក់សាំងរបស់ក្រសួងការពារជាតិ https://cv19.mod.gov.kh និងព័ត៌មានពីក្រសួងសុខាភិបាល www.moh.gov.kh។
អ្នកនាំពាក្យ TikTok លោក Kyu Kyu Thein ជាប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈ បាននិយាយថា៖ «ក្នុងនាម TikTok យើងមានក្ដីសោមនស្សរីករាយ ដែលបានរួមចំណែកចូលរួមជាមួយក្រុមអ្នកគាំទ្រ TikTok ដែលកំពុងតែមានចំនួនកើនឡើងខ្លាំង ក្នុងបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រទេសជាតិ និងសហគមន៍»។
អ្នកនាំពាក្យរូបនេះ បានបន្ដថា៖ «TikTok បានប្ដេជ្ញាចិត្ដប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនក្នុងការបញ្ជ្រាបព័ត៌មានស្ដីពីការអប់រំ វិធានការសុវត្ថិភាព និងឱកាសជំនួញអនឡាញទៅដល់មហាជនកាន់តែទូលំទូលាយ»។
យុទ្ធនាការរួមគ្នារវាង TikTok និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងបំណងកាត់ផ្ដាច់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយលើកទឹកចិត្ដប្រជាជនកម្ពុជា ស្វែងរកនិងផ្ទៀងផ្ទាត់ពត៌មានពិត តាមរយៈការប្រើប្រាស់ប្រភពព័ត៌មាន ដ៏គួរឱ្យជឿទុកចិត្ដ ដូចជា វេបសាយរបស់អង្គការសុខភាពពិភពលោក (http://www.who.int/) និងវេបសាយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់រាជរដ្ឋាភិបាលកម្ពុជា (http://www.cdcmoh.gov.kh/) ក៏ដូចជាការរាយការណ៍នូវអ្វីដែលអ្នកប្រើប្រាស់យល់ថា វាអាចបំពាននឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok។
ជាមួយយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យរបស់កម្ពុជា អ្នកបង្កើតកម្មវិធីលើ TikTok ល្បីៗមួយចំនួនមកពីវិស័យវេជ្ជសាស្ដ្រ បន្ដទទូចក្រុមអ្នកគាំទ្ររបស់ខ្លួន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាពលរដ្ឋភាគច្រើន បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់យ៉ាងណាក៏ដោយ។
ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអប់រំសុខភាព We-Pharm បានផលិតវីដេអូមួយអបអរសាទររាជរដ្ឋាភិបាល លើវីដេអូយុទ្ធនាការដ៏ជោគជ័យនេះ។
We-Pharm បានសរសេរសារថា៖ «ក្នុងនាម We-Pharm យើងចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅទូទាំងប្រទេសជោគជ័យបន្ដបន្ទាប់។ ថ្ងៃនេះ ដោយបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល យើងទទូចដល់លោកអ្នកឱ្យនៅតែបន្ដប្រុងប្រយ័ត្នខ្ពស់ ទោះទទួលបានការចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក៏ដោយ»។
អ្នកបង្កើតកម្មវិធីលើ TikTok ដ៏មានប្រជាប្រិយម្នាក់ទៀត វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា មកពីផ្នែកវេជ្ជសាស្ដ្រ បានឱ្យដឹងថា៖ «អ្នកជំងឺរបស់ខ្ញុំមកជួបខ្ញុំដោយសារពួកគេ ចង់បានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតនេះទៀតសោតក៏មានន័យថា មានអារម្មណ៍ស្រស់ស្រាយផងដែរ។ ដូច្នេះ ចូរគិតពីខ្លួនឯង និងគិតពីអ្នកដទៃ ថ្វីដ្បិតតែពេលនេះ យើងបានចាក់វ៉ាក់សាំងរួចក៏ដោយ។ បន្ដប្រុងប្រយ័ត្ន រក្សាសុវត្ថិភាព និងអនុវត្ដវិធានការ ៣កុំ ៣ការពារ»។
វេជ្ជបណ្ឌិត មនោរ័ត្ន និងវេជ្ជបណ្ឌិត ស៊ីម ផល្លី បានចែករំលែកសារស្រដៀងគ្នាទៅកាន់អ្នកគាំទ្ររបស់ពួកគាត់ផងដែរ៕