(ភ្នំពេញ)៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធចុងក្រោយ គឺការដំឡើងនូវកន្លែងដុតភ្លើងគប់ ក្រោមការរៀបចំប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ប្រព័ន្ធភ្លើងគប់នេះត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយសារត្រូវប្រើហ្គាសសម្រាប់ដុត។ តែយ៉ាងណាមិញ ការដំឡើងនេះ នឹងត្រូវធ្វើឲ្យរួចរាល់មុនដំណាច់ខែវិច្ឆិកា ព្រោះសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងខែវិច្ឆិកា។ ដូច្នេះបន្ទាប់ពីដំឡើងកន្លែងដុតភ្លើងគប់រួច នឹងត្រូវរៀបចំពិធីសម្ពោធពេញលេញទាំងអស់តែម្ដង។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបានបន្ថែមថា «ការរៀបចំប្រព័ន្ធភ្លើងគប់ គឺដើម្បីបំពេញលក្ខណៈនៃដំណើរការរៀបចំពិធីបើក-បិទស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេមរបស់យើង។ យើងឃើញហើយថា នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ក៏មានកន្លែងដុតភ្លើងគប់ដែរ អ៊ីចឹងវាមានលំនាំរបស់វាឲ្យគ្រប់លក្ខខណ្ឌនៃពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ របស់យើង»។
គួរដឹងថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានកម្ពុជាកំណត់ជាកន្លែងប្រារព្ធពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅឆ្នាំ២០២៣។ ចំពោះភ្លើងគប់ ដែលនឹងត្រូវដង្ហែទៅដុតក្នុងពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ត្រូវបានថ្នាក់ដឹកនាំ CAMSOC បានធ្វើការយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ដោយនឹងមានរៀបចំពិធីសុំភ្លើងអាទិទេព (កម្ដៅព្រះអាទិត្យ) នៅប្រាសាទអង្គរវត្ត ដែលគ្រោងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់មក កម្ពុជានឹងរៀបចំពិធីដង្ហែភ្លើងគប់នេះ ឆ្លងកាត់បណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ពីខែមីនា ឆ្នាំ២០២៣ មុនដង្ហែចូលមកកម្ពុជាវិញ ហើយបន្ដដង្ហែតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបរហូតដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តែម្ដង៕