(ភ្នំពេញ)៖ ម្ចាស់កម្មវិធីទូស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) ដែលថ្នាល់សិក្សាតាមប្រព័ន្ធឌីជីថល និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលផ្នែកភាសាអង់គ្លេស (Global Pathways Education Center) ដែលហៅកាត់ថា GPEC បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផលិតខ្សែវីដេអូអប់រំលើមុខជំនាញភាសាអង់គ្លេស។
ស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ សាលា GPEC ទទួលបានសិទ្ធិក្នុងការផលិតខ្សែវីដេអូអប់រំ ប្រកបដោយគុណភាពខ្ពស់ទាក់ទងនឹងជំនាញភាសាអង់គ្លេសនានា ដែលមានលក្ខណៈឆ្លុះបញ្ចាំងអំពី និងមានសង្គតិភាព នឹងតម្រូវការទីផ្សារកម្ពុជាជាក់ស្តែង។
ពិធីចុះអនុស្សរណៈយោគយល់គ្នា មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក គឹមសិរីវុឌ្ឍ ដែលជាអគ្គនាយកប្រតិបត្តិនៃកម្មវិធីទូស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) និងលោក តាំង គីមហុក ជាអគ្គនាយកសាលា GPEC អមដោយសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលាផងដែរ។ គូសបញ្ជាក់ថា ក្រោយអនុស្សរណៈ យោគយល់នេះចូលជាធរមាន សាលា GPEC ជាជំហានដំបូងបង្អស់ នឹងផលិតខ្សែវីដេអូហ្វឹកហ្វឺនភាសាអង់គ្លេសជាសេរី លើជំនាញវេយ្យាករណ៍ (Grammar) វាក្យស័ព្ទ (Vocabulary) និងអំណាន (Reading) ដែលជាទម្រង់តេស្តអន្តរជាតិ TOEFL និង IELTS ដ៏ពេញនិយម សម្រាប់បញ្ចូលទៅក្នុង OneSala App។ នាដំណាក់កាលបន្ទាប់ សាលា GPEC នឹងបន្តផលិតខ្សែវីដេអូអប់រំលើមុខវិជ្ជាផ្សេងៗជាច្រើនដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
នាឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ និងទស្សនៈលើប្រធានបទចម្បងៗមួយចំនួន ដែលទាក់ទងនឹងការអប់រំភាសាអង់គ្លេសនៅកម្ពុជា ដែលរួមមានជាអាទិ៍ និន្នាការបង្រៀនភាសាអង់គ្លេសតាមរបៀបថ្មីដ៏សម្បួរបែប ស្ថានភាពតម្រូវការចំណេះដឹងភាសាអង់គ្លេស សម្រាប់ជាទុនក្នុងការប្រឡងចូល និងរៀនតាមសាកលវិទ្យាល័យមានកិត្តិនាមខ្ពស់នៅកម្ពុជា និងតួនាទីដ៏សំខាន់នៃភាសាអង់គ្លេស ក្នុងឋានៈជាលក្ខខណ្ឌបុរេវិនិច្ឆ័យមួយ ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅក្រៅប្រទេស។
គួរបញ្ជាក់ថា កម្មវិធីសិក្សាដែលសាលា GPEC គ្រោងនឹងដាក់បញ្ចូលក្នុងថ្នាល់របស់ OneSala App នេះ គឺមានគោលដៅចម្បងបង្កលក្ខណៈងាយស្រួល និងទាន់រហ័សដល់សិស្សានុសិស្ស និងបុគ្គលិកកំពុងបម្រើការក្នុងស្ថាប័ននានា ក្នុងការមានឱកាសបំប៉នជំនាញភាសាអង់គ្លេស និងជំនាញទន់របស់ពួកគេ ជាមួយ GPEC។ ជាចក្ខុវិស័យនាពេលអនាគត សាលា GPEC និងសហការជាមួយ OneSala App ដើម្បីស្វែងរកវិធីសាស្ត្រច្នៃប្រឌិត និងតាមទាន់គន្លងទំនើបកម្មបច្ចេកវិទ្យានានា ក្នុងការបញ្ចូលបន្ថែមវីដេអូស្តីពីវគ្គសិក្សាលើជំនាញទន់ (Practical Soft Skills) ទាំងជាភាសាខ្មែរ និងអង់គ្លេស ទៅក្នុងថ្នាល់សិក្សារបស់ OneSala App ។ ការសហការណ៍នេះ នឹងផ្តល់សេរីភាពក្នុងការកំណត់សណ្ឋាន ទីតាំង កាលៈទេសៈ និងល្បឿននៃការសិក្សាជំនាញទន់នេះទាំងស្រុង ដល់សិស្សានុសិស្ស ជាពិសេសបុគ្គលិកនយោជិត ឬនយោជកទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការបន្តសហការយ៉ាងស្អិតរមួត ដើម្បីពិនិត្យលទ្ធភាពពង្រីកវិសាលនៃកិច្ចសហប្រតិបត្តិការស្តីពីការបង្កើតថ្នាក់ហ្វឹកហ្វឺនភាសាអង់គ្លេសជាបន្តបន្ទាប់ទៀត ហើយនិងអភិវឌ្ឍកម្មវិធីទូរស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) ឱ្យកាន់តែមានសភាពទំនើប ទូលំទូលាយ និងងាយស្រួលប្រើប្រាស់។
សម្រាប់សិស្សានុសិស្ស និងបុគ្គលិកតាមស្ថាប័ននានា ដែលមានបំណងចង់រៀនភាសាអង់គ្លេស និងហ្វឹកហ្វឺនជំនាញទន់របស់ខ្លួនបន្ថែម អាចចាប់ផ្តើមសិក្សាជាមួយ GPEC ដោយគ្រាន់តែទាញយកកម្មវិធី OneSala App តាមរយៈ AppStore និង PlayStore ឬ គេហទំព័រ www.onelink.to/onesala រួចហើយលោកអ្នកនឹងអាចរៀនភាសាអង់គ្លេស និងជំនាញទន់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕