(មេនឆេស្ទើ)៖ លោកស្រី Dolores Aveiro ម្តាយរបស់កីឡាករ Cristiano Ronaldo មិនចង់ឃើញកូនប្រុសរបស់នាង រៀបការជាមួយ Georgina Rodriguez ដែលជាសង្សា Ronaldo នោះទេ ព្រោះនាងមានផ្នត់គំនិតថា តារាម៉ូដែលដែលមានដើមកំណើតអាហ្សង់ទីនរូបនេះ ស្រឡាញ់លុយជាងបេះដូង។ នេះបើតាមសារព័ត៌មាន Marca។
តារាសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានគេជឿជាក់ថា មានអំណោយផលដោយសារបានរស់នៅជាមួយ Georgina ហើយគាត់បានចែករំលែកជីវិតគ្រួសារនៅទីក្រុង Manchester ជាមួយកូនៗដូចជា Cristiano Junior, Eva, Mateo និង Alana ជាដើម។
ជាការពិតណាស់ រឿងមួយនេះត្រូវបានគេរាយការណ៍ថា តារាម៉ូដែល Georgina កំពុងរង់ចាំសំណើសុំរៀបការពី Ronaldo ប៉ុន្តែគ្រួសាររបស់ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United គឺជាឧបសគ្គចម្បងក្នុងពិធីមង្គលការខាងលើ។
បើតាមប្រព័ន្ធផ្សព្វផ្សាយស្រង់ប្រភពជិតស្និទ្ធនឹង Ronaldo ផ្ទាល់ គឺម្តាយរបស់គាត់ជឿជាក់ថា គូស្នេហ៍នេះមិនគួររៀបការទេ ព្រោះទង្វើរបស់ Georgina ដើម្បីទាញយកផលប្រយោជន៍កូនប្រុសរបស់នាង។ ជាក់ស្តែងកូនៗរបស់នាង ក៏គិតដូចគ្នាដែរ ដែលមានន័យថា ការប្រឆាំងនឹងចំណងអាពាហ៍ពិពាហ៍ នៅក្នុងគ្រួសារកូនកំលោះ មានទំហំធំធេងខ្លាំងណាស់៕