(ភ្នំពេញ)៖ គូពិសេសក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៨ ថ្ងៃស្អែកនេះក្នុងជើងទី២ គឺជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ជាម្ចាស់ផ្ទះ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា នាថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ ក្នុងទឹកដីកីឡដ្ឋានខេត្តស្វាយរៀង នាម៉ោង ១៨៖០០នាទី ល្ងាច។
គួររំលឹកផងថា កាលពីសប្តាហ៍ទី១៧ ស្វាយរៀងបានលេងស្មើជាមួយនឹងក្រុមម្ចាស់ផ្ទះបឹងកេត នៅក្នុងលទ្ធផល ១-១ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅពេលដែលឆ្លងកាត់១៦ប្រកួតមកនេះ ឈ្នះ១១ដង ស្មើ២ដង និងចាញ់៣ដង ឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៣៥ពិន្ទុ។
ចំណែកឯវិសាខាវិញ កាលពីសប្តាហ៍ទី១៧ ក៏បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នាថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅក្នុងទឹកនៃកីឡដ្ឋាន ព្រីនស៍ គ្រាដែលឆ្លងកាត់១៥ប្រកួត ឈ្នះ១០ដង ស្មើ៤ដង និងចាញ់១ដង ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ៣៤ពិន្ទុ។
ទាក់ទងទៅនឹងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នៃជើងទី១ កន្លងទៅក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមម្ចាស់ផ្ទះវិសាខានៅក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ នៃសប្តាហទី៣ កន្លងទៅ៕