(កូរ៉េ)៖ បន្ទាប់ពីរឿងភាគរបស់កូរ៉េ «Squid Game» ដែលជាភាពយន្តបែបរន្ធត់ផ្ទុះការការគាំទ្រ និងមានការពេញនិយមទស្សនាយ៉ាងខ្លាំង នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងទស្សនិកជននៅកម្ពុជាផងដែរនោះ នៅពេលនេះស្រាប់តែក្រុមហ៊ុន Netflix បានប្រកាសថា ខ្លួនមានគម្រោងបណ្ដាក់ទុន ៥០០លានដុល្លារ ដើម្បីបង្កើនការផលិតភាពយន្តក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់ សម្លាប់មនុស្សឆៅៗមួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យ លើសពីការរំពឹងទុកក្នុងវគ្គមួយ ក្រុមហ៊ុនក៏កំពុងផលិតវគ្គពីរជាបន្តផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះដែរ ក្រុមហ៊ុន Netflix បាននិយាយថា ខ្លួនគ្រោងនឹងបណ្ដាក់ទុនទឹកប្រាក់ ៥០០លានដុល្លារ បន្ថែមលើការ ផលិតភាពយន្ត និងភាពយន្តភាគនៅប្រទេសកូរ៉េខាងត្បូងនាចុងឆ្នាំ២០២១នេះ។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា វិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បុង បាននឹងកំពុងតែមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។ បន្ទាប់ពីជោគជ័យ របស់ក្រុមចម្រៀងបុរស BTS រួមទាំងភាពយន្តឈ្នះពានរង្វាន់អូស្កា ដូចជាភាពយន្ត «Parasite» (ផារ៉ាសាយ) និង ភាពយន្ត «Minari» (មីណារី) ជាដើម នៅពេលនេះ គឺរឿងភាគកូរ៉េ «Spuid Game» កំពុងផ្ទុះការគាំទ្រខ្លាំងផងដែរ៕