(ប៊ុយនុសអ៊ែរីស)៖ ខ្សែប្រយុទ្ធក្លិប Juventus កីឡាករ Paulo Dybala ត្រូវបានដកចេញពីក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតជម្រុះ World Cup ក្នុងខែនេះ ដោយសារតែបញ្ហារបួស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ។

Dybala ដំបូងឡើយ ត្រូវបានដាក់បញ្ចូលក្នុងក្រុមរបស់គ្រូបង្វឹក Lionel Scaloni ដែលបានប្រកាសកាលពីថ្ងៃចន្ទ ប៉ុន្តែឥឡូវនេះ លោកនឹងខកខានការប្រកួតវគ្គជម្រុះរបស់ក្រុម នៅក្រៅទឹកដី ដែលត្រូវប៉ះនឹងក្រុមប៉ារ៉ាហ្គាយ និងធ្វើជាម្ចាស់ផ្ទះ ប៉ះនឹងជាមួយក្រុមអ៊ុយរ៉ូហ្គាយ និងប៉េរូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែតុលា។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានរងរបួសភ្លៅ នៅអំឡុងពេលលេងឲ្យក្លិប Juventus ក្នុងលទ្ធផលឈ្នះ៣-២ នៃលីគ Serie A កាលពីសប្តាហ៍មុន លើក្រុម Sampdoria, ជាពេលដែលលោក បានបើកការស៊ុតបញ្ចូលទី មុនពេលរងរបួស។

Dybala បានខកខានការប្រកួតលីគ Champions League ក្នុងលទ្ធផលឈ្នះក្រុម Chelsea ក្នុងលទ្ធផល១-0 កាលពីថ្ងៃពុធ ហើយក្លិប Juventus រំពឹងថា លោកនឹងអាចចូលលេងវិញបាន បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ។

គួរបញ្ជាក់ថា អាហ្សង់ទីន កំពុងឈរនៅលំដាប់ទី២ ក្នុងពូលប្រកួតជម្រុះ នៅទ្វីបអាមេរិកខាងត្បូង សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២, ជាមួយនឹងជ័យជំនះ៥ប្រកួត ក្រោយឆ្លងកាត់៨ប្រកួត។ ពួកគេមាន៦ពិន្ទុ ឈរនៅពីក្រោយក្រុមនាំមុខប្រេស៊ីល៕