(ប៉ារីស)៖ គ្រូបង្វឹកក្លិប Paris Saint-Germain លោក Mauricio Pochettino បានលើកឡើងនៅថ្ងៃនេះថា មិនទាន់មានកាលកំណត់ច្បាស់លាស់ សម្រាប់ខ្សែការពារ Sergio Ramos ដែលរងរបួសក្នុងការចាប់ផ្តើមការលេង សម្រាប់ក្លិបនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

Ramos មិនទាន់បានចូលលេងឲ្យក្លិប PSG នោះទេចាប់តាំងពីចូលរួមជាមួយក្លិបយក្សរបស់បារាំងមួយនេះ លើកិច្ចសន្យារយៈពេល ២ឆ្នាំផ្លាស់មកពីក្លិប Real Madrid កាលពីខែកក្កដា ហើយបានហ្វឹកហាត់តែម្នាក់ឯងក្នុងពេលដែលលោកជាសះស្បើយពីរបួសកំភួនជើង។

«យើងបាននឹងកំពុងតាមដានពីការជាសះស្បើយរបស់គាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងរំពឹងថា គាត់នឹងអាចវិលត្រឡប់មកវិញឆាប់ៗ ប៉ុន្តែនៅពេលនេះ យើងមិនទាន់អាចនិយាយបានថា ពេលណានោះទេ»។ នេះបើតាមសម្តីលោក Pochettino បានប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរនាថ្ងៃអាទិត្យ ទៅជួបជាមួយក្រុម Rennes ប្រកួតក្នុងលីគ Ligue 1។

បន្ថែមពីលើការអវត្តមានរបស់ Ramos ក្លិប PSG ក៏នឹងគ្មានវត្តមានកីឡាករ Layvin Kurzawa និងកីឡាករ Julian Draxler ផងដែរ ក្នុងការប៉ះនឹងក្រុម Rennes នេះ ដោយសារមានជំងឺ។

គួរជម្រាបថា PSG បានឈ្នះទាំង ៨ប្រកួតនៅក្នុងលីគនៃការចាប់ផ្តើមរដូវកាល ហើយមាន ៦ពិន្ទុដែលកំពុងនាំមុខកំពូលតារាងនៃ Ligue 1 របស់បារាំងថែមទៀតផង៕