(សាន់ទីហ្គោ)៖ ខ្សែប្រយុទ្ធ Eduardo Vargas ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិឈីលី សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ត្រូវប៉ះនឹងក្រុមប៉េរូ, ប៉ារ៉ាហ្គាយ និងវេណេស៊ុយអេឡា ដោយសារតែរបួសកែងជើង។ នេះបើតាមសមាគមបាល់ទាត់អាជីពឈីលី (ANFP) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។
កីឡាករ Vargas បានរងរបួស បន្ទាប់ពីរកគ្រាប់បាល់ឲ្យក្រុម Atletico Mineiro របស់ប្រេស៊ីលក្នុងការធ្វើជាម្ចាស់ផ្ទះ ប៉ះក្រុមភ្ញៀវ Palmeiras ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអង្គារ ដោយជាលទ្ធផលធ្វើឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Belo Horizonte មួយនេះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រលីគ Copa Libertadores។
Vargas វ័យ ៣២ឆ្នាំ ជាកីឡាករលំដាប់ទី២ ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតរបស់ឈីលី ជាមួយនឹងការរកបាន ៤០គ្រាប់ នៅក្នុងការប្រកួតអន្តរជាតិ ១០២លើក។
ក្រុមឈីលី នឹងទៅជួបក្រុមប៉េរូនៅទីក្រុង Lima នៅថ្ងៃទី០៧ ខែតុលា មុនពេលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវប៉ារ៉ាហ្គាយ និងវេណេស៊ុយអេឡា នៅថ្ងៃទី១០ និងថ្ងៃទី១៤ ខែតុលា នៅទីក្រុង Santiago។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Martin Lasarte នេះ បច្ចុប្បន្នឈរនៅលេខរៀងទី៨ ក្នុងចំណោម ១០ក្រុមនៃការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាមេរិកខាងត្បូង ដោយមាន ៧ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួត៕