(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះទទួលក្រុមវិសាខានាម៉ោង ៦ល្ងាចនេះ ដែលជាជំនួបសងសឹកក្នុងជើងទី២ បន្ទាប់ពីពួកគេបានរងបរាជ័យក្រៅដី ៣-២ កាលពីជើងទី១។ ជំនួបដ៏កក្រើកនេះ កីឡាករវិសាខា ស៊ិន កក្កដា បានលើកឡើងថា ប្រសិនបើក្រុមខ្លួន បន្ដនូវកំណត់ត្រាឈ្នះ ពួកគេនឹងរក្សាបាននូវភាគខ្ពស់ក្នុងការប្រកួតប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១។
ស៊ិន កក្កដា បាននិយាយថា «ការប្រកួតនេះពិតជាសំខាន់ណាស់ ព្រោះបើយើងឈ្នះព្រះខ័នរាជស្វាយរៀង នឹងធ្វើឲ្យពួកយើងរក្សាបាននូវភាគរយខ្ពស់ក្នុងការប្រជែងពាន ពិសេសវានឹងក្លាយជាកម្លាំងចិត្តមួយដ៏សំខាន់ និងធ្វើឲ្យពួកយើងកាន់តែមានទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយរបស់ពួកយើង»។
ដូច្នេះការប្រកួតក្រៅដីជាមួយក្រុមជើងឯករងឆ្នាំចាស់នេះ កក្កដា បានចាត់ទុកដូចជាការប្រកួតផ្ដាច់ព្រ័ត្រសម្រាប់ពួកគេ ដែលនឹងក្លាយជាជំនួបដ៏តានតឹងបំផុត ព្រោះក្រុមនីមួយៗមានពិន្ទុប្រកៀកប្រកិតគ្នា ហើយត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាង។ តែយ៉ាងណា រូបគេប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជោគជ័យជូនក្រុម និងអ្នកគាំទ្ររបស់ខ្លួន។
គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ និងមាន ៣៥ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងភ្នំពេញក្រោន ២ពិន្ទុ ស្របពេលក្រុមទាំងពីរ នៅសល់ ៣ប្រកួតក្នុងដៃ។ រីឯវិសាខា ឈរលេខ៣ មាន ៣៤ពិន្ទុ ប៉ុន្ដែក្រុមសេះជំទង់នេះ នៅសល់ប្រកួត ៤ប្រកួតឯណោះ។ ដូច្នេះគ្រប់ប្រកួតសេសសល់ ក្រុមនីមួយៗ មិនអាចភ្លាត់ចាញ់ឡើយ សូម្បីស្មើ បើមិនដូច្នោះពួកគេ នឹងត្រូវប្រឈមរបូតឱកាសដណ្ដើមពាន។
ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏ជក់ចិត្តនៅខេត្តស្វាយរៀង ក៏មានជំនួបសងសឹកដ៏ធំនៅភ្នំពេញ ១គូដែររវាងក្រុមនាគមាសណាហ្គាវើលដ៏ និងក្រុមនាគខៀវបឹងកេត ដែលបានប្រកួតនាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋានស្ដាតចាស់។ កាលពីជើងទី១ បឹងកេតបានរង់បរាជ័យលើទឹកដីរបស់ខ្លួន ១-០។ ដូច្នេះការប្រកួតនេះ គឺជាជំនួបសងសឹក ហើយបឹងកេត ក៏ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងពានផងដែរ៕