(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ បានដំណើរការប្រកួតឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាយូរ ដោយសារបញ្ហាកូវីដ-១៩ ខណៈបច្ចុប្បន្នបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ ក៏បានរកឃើញផងដែរ រួមមានក្រុមខេត្តកំពង់ឆ្នាំង, ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកណ្ដាល, ខេត្តត្បូងឃ្មុំ, សៀមរាបអេហ្វស៊ី, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងក្រុមកោះកុងអេហ្វស៊ី។

ចំពោះខេត្តកំពង់ឆ្នាំង និងក្រុមភ្នំពេញហ្គាឡាក់ស៊ី មុនដឹកដៃគ្នាឡើងវគ្គ ៨ក្រុម ក្រុមទាំងពីរបានជួបគ្នាស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូល A កាលពីម្សិលមិញ គ្រាដែលលទ្ធផលកំពង់ឆ្នាំងបានយកឈ្នះ ៤-០ នៅកីឡដ្ឋាន AEU Sport Park។ ជ័យជម្នះនេះ ធ្វើឲ្យកំពង់ឆ្នាំងឡើងវគ្គ ៨ក្រុម ដោយស្វ័យប្រវត្តិ។ រីឯភ្នំពេញហ្គាឡាក់ស៊ីត្រូវប្រកួតជម្រុះ Play-Off ជាមួយខេត្តកំពតជាមុនសិន។ ប៉ុន្ដែដោយខេត្តកំពតដកខ្លួន នាំឲ្យភ្នំពេញហ្គាឡាក់ស៊ី ទទួលបានកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះតែម្ដង។

សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយគ្រោងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែតុលាខាងមុខ ដោយគ្រោងប្រកួតតែ ១ជើងប៉ុណ្ណោះនៅលើទឹកដីកណ្ដាល ដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះគូប្រកួតក្នុងវគ្គចាញ់ធ្លាក់នេះ រួមមានខេត្តកណ្ដាល ត្រូវជួបខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី នៅថ្ងៃទី១៦-តុលា។ រីឯថ្ងៃទី១៧-តុលាមាន ២គូដូចគ្នា គឺក្រុមសៀមរាបអេហ្វស៊ី ជួបខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ជួបខេត្តកោះកុង។

ចំណែកទីលានទឹកដីកណ្ដាល ដែលគ្រោងបម្រើឲ្យការប្រកួតវគ្គដ៏សំខាន់នេះ សុទ្ធតែជាទីលានរបស់ក្លិបក្របខណ្ឌលីគកំពូលកម្ពុជារួមមានកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន, កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ របស់ក្លិបបឹងកេត, កីឡដ្ឋាន AEU Sport Park របស់ក្លិបអាស៊ីអឺរ៉ុប និងទីលាន 7NG មូលដ្ឋានរបស់ក្លិបនគរបាលជាតិជាដើម។

ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តនេះ គ្រោងនឹងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី២០ ខែតុលា និងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែតុលា មុនឈានដល់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ដែលមានក្លិបក្របខណ្ឌលីគកំពូលកម្ពុជាទាំង ១៣ ចូលរួម។ ប៉ុន្ដែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅមិនទាន់ជូនដំណឹងអំពីកាលបរិច្ឆេទនៃការប្រកួតថ្នាក់ជាតិឡើយ៕