(ភ្នំពេញ)៖ នៅចុងឆ្នាំ ២០១៣ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief (Cambodia) Commercial Bank Plc.) ត្រូវបានបង្កើតឡើងជាធនាគារឯកទេស ដែលបានចូលមកក្នុងវិស័យធនាគារដ៏ប្រកួតប្រជែងនៅកម្ពុជា ដោយមានបុគ្គលិកតិចជាង ៣០នាក់ និងទ្រព្យសកម្មត្រឹម ១០ លានដុល្លារអាមេរិក។ ប៉ុន្តែស្ទើរតែមួយទសវត្សរ៍ក្រោយមក ធនាគារនេះបានរីកចម្រើនក្លាយជាតួអង្គសំខាន់នៅក្នុងវិស័យនេះដែលមានទ្រព្យសកម្មជាង ១៤០ លានដុល្លារអាមេរិក ខណៈដែលចំនួនបុគ្គលិករបស់ខ្លួនកើនឡើងដល់ ១៤០នាក់។
ថ្លែងប្រាប់សារព័ត៌មានឌីជីថលសម្រាប់ការអប់រំ Amazadia Education លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) បានមានប្រសាសន៍ថា ធនាគាររបស់លោកមាន «រូបមន្តពិសេស» ដែលនាំឱ្យទទួលបានជោគជ័យនៅថ្ងៃនេះ ហើយធាតុផ្សំសំខាន់គឺ ផលិតផល និងសេវាកម្មល្អប្រសើររបស់ធនាគារ។
លោកបានមានប្រសាសន៍ថា៖ «ធនាគារពាណិជ្ជ ឈីហ្វ ប្រើគំរូអាជីវកម្មដែលត្រូវបានធ្វើមូលដ្ឋានីយកម្មតាមតម្រូវការ និងសមស្របបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសពាណិជ្ជករ»។ លោកបណ្ឌិតបានបន្ថែមថា គណនីចរន្ត (Current Account) គឺជាផលិតផលដែលមានប្រជាប្រិយបំផុតក្នុងចំណោមអតិថិជនរបស់ប្រធានធនាគារដែលជាម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្ម។
លោកពន្យល់ថា៖ «គណនីចរន្ត គឺជាគណនីដែលមិនមានការប្រាក់ ដែលមានន័យថា វាមិនមានផ្តល់ការប្រាក់ ដូចគណនីសន្សំឬគណនីបញ្ញើមានកាលកំណត់នោះឡើយ»។ លោកបន្តថា៖ «ទោះយ៉ាងណាក្តី គណនីប្រភេទនេះមានប្រជាប្រិយភាពក្នុងចំណោមពាណិជ្ជករដែលធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ និងទៀងទាត់ជាមួយធនាគារ»។តាមការឱ្យដឹងរបស់លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ម្ចាស់គណនីចរន្តអាចទទួលបានអត្ថប្រយោជន៍ជាច្រើនរួមទាំងចំនួនទឹកប្រាក់គ្មានដែនកំណត់ក្នុងប្រតិបត្តិការធនាគារនិងសមត្ថភាពក្នុងការទូទាត់ជាមូលប្បទានប័ត្រ (សែក) ។ លោកបានឱ្យដឹងទៀតថា៖ «គណនីចរន្តមិនត្រឹមតែជួយឱ្យពួកគាត់ដំណើរការអាជីវកម្មដោយរលូនប៉ុណ្ណោះទេថែម ទាំងជួយពួកគាត់ក្នុងការទទួលបានប្រាក់កម្ចីទៀតផង។ នៅពេលធនាគាររកឃើញលំហូរសាច់ប្រាក់ និងលំហូរចេញជាញឹកញាប់នៅក្នុងគណនីរបស់ពួកគាត់ ធនាគារមានភាគរយខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគាត់ ជាពិសេសកម្ចីវិបារូបន៍ (Overdraft)»។
សេវាកម្មមួយផ្សេងទៀត ពីធនាគារពាណិជ្ជ ឈីហ្វ ដែលជួយដល់សហគ្រិនក្នុងការពង្រីកអាជីវកម្មរបស់ពួកគេគឺ ប្រាក់កម្ចីមានកាលកំណត់ (Term Loan) ដែលលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានពន្យល់ឱ្យងាយយល់ថា ជា«ឥណទានដែលមានពេលវេលាកំណត់»។ លោកបានបញ្ជាក់ថា «សម្រាប់ប្រាក់កម្ចីមានកាលកំណត់ យើងផ្តល់អត្រាការប្រាក់ប្រកួតប្រជែងចាប់ពី ០,៧៥ ភាគរយក្នុងមួយខែ ខណៈដែលរយៈពេលកម្ចីអាចមានរហូតដល់ ១០ឆ្នាំហើយយើងក៏បើកចំហពីការចរចាផងដែរ ព្រោះវាទាក់ទងទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន»។
លោកបន្តថា ភាពបត់បែន គឺជាកម្លាំងចំបងដែលបានជំរុញប្រជាប្រិយភាពនៃសេវាកម្មប្រាក់កម្ចីរយៈពេលកំណត់នៅធនាគារពាណិជ្ជ ឈីហ្វ។ ជាឧទាហរណ៍ ប្រាក់កម្ចីអាចត្រូវបានផ្តល់ជូនជាប្រាក់រៀលនិងដុល្លារអាមេរិក ហើយគ្មានការកំណត់ព្រំដែននៃប្រាក់កម្ចីនេះនោះឡើយ ស្របពេលដែលធនាគារទទួលយកទាំងប្លង់រឹងនិងប្លង់ទន់ជាវត្ថុបញ្ចាំ។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ទៀតថា៖ «យើងបើកចំហចំពោះអតិថិជន ក្នុងការសម្រេចចិត្ត ដោយផ្អែកលើប្រភពចំណូល និងលំហូរសាច់ប្រាក់របស់ពួកគាត់។ យើងអនុញ្ញាតឱ្យពួកគាត់ពន្យារពេលកាលបរិច្ឆេទសង និងសម្រេចសងតែការប្រាក់ ឬសងទាំងដើមនិងការប្រាក់វិញ»។ លោកបានបន្ថែមថា៖ «នៅធនាគារពាណិជ្ជ ឈីហ្វ មិនថា យើងធ្វើអ្វីក៏ដោយ យើងព្យាយាមធ្វើឱ្យមានភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង»។
ដោយសារប្រតិបត្តិការអាជីវកម្មបច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងលើវិស័យធនាគារឌីជីថលស្របពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមមួយដែលគ្មានសាច់ប្រាក់ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធថ្លែងថា របៀបវារៈធនាគារឌីជីថលតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់ដទៃទៀតរបស់ធនាគារពាណិជ្ជ ឈីហ្វ។ ជាឧទាហរណ៍ កម្មវិធីស្មាតហ្វូនធនាគារចល័តរបស់ធនាគារពាណិជ្ជ ឈីហ្វ អនុញ្ញាតឱ្យអតិថិជនចូលប្រើគណនីធនាគាររបស់ពួកគេដើម្បីពិនិត្យមើលសមតុល្យ ផ្ទេរប្រាក់ តាមដានស្ថានភាពឥណទានតាម និងពិនិត្យមើលរបាយការណ៍ធនាគាររបស់ពួកគេដោយមិនចាំបាច់បង់ថ្លៃសេវា។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា៖ «ខណៈពេលដែលធនាគារកំពុងវិនិយោគយ៉ាងច្រើនក្នុងការផ្លាស់ប្តូរឌីជីថល យើងកំពុងគិតពីផលិតផលមីក្រូហិរញ្ញវត្ថុដើម្បីធានាបាន នូវអត្ថប្រយោជន៍ប្រកួតប្រជែង»។ លោកបានបន្តថា៖ ការអភិវឌ្ឍកម្មវិធីស្មាតហ្វូនរបស់យើងមួយគឺ កម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់យើងដែលនឹងអាចប្រើបាននៅចុងឆ្នាំនេះ»។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ពន្យល់ថា ជាមួយកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជននឹងអាចវាយតម្លៃលទ្ធភាពទទួលបានប្រាក់កម្ចីខ្នាតតូចតាមរយៈប្រព័ន្ធធនាគារឌីជីថល និងអាចស្នើសុំកម្ចីមីក្រូហិរញ្ញវត្ថុពីធនាគារឌីជីថល។
លោកបានបន្ថែមថា៖ «នៅធនាគារពាណិជ្ជ ឈីហ្វ យើងធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យផលិតផលនិងសេវាកម្មដែលមានស្រាប់របស់យើងកាន់តែប្រសើរឡើង និងដាក់ដំណើរការផលិតផលនិងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើងជាបន្តបន្ទាប់»៕