(ភ្នំពេញ)៖ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានធ្វើការសុំទោសដល់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីក្រុមបានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ ៤-២ កាលពីម្សិលមិញ ដែលនាំឲ្យក្រុមរហស្សនាមនាគខៀវនេះ នៅសល់ឱកាសតិចតួច ដើម្បីការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១។

បន្ថែមលើការសុំទោសអ្នកគាំទ្រ លោកស្រីបានទម្លាយនូវបញ្ហាមួយចំនួនដែលនាំឲ្យក្រុមពិបាកក្នុងការប្រកួតប្រជែង ពិសេសកម្មវិធីប្រកួតដ៏មមាញឹកក្នុងវគ្គ Top-8 ដ្បិតសល់កីឡាករត្រឹម ១៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើការផ្លាស់ប្ដូរ បន្ទាប់ពីកីឡាករសំខាន់ៗមួយចំនួនរងរបួស។ យ៉ាងណាមិញលោកស្រីបានកោតសរសើរដល់ទឹកចិត្តកីឡាករដែលបានព្យាយាម និងខំប្រឹងលេងដោយបេះដូង ដើម្បីក្លិប និងអ្នកគាំទ្រ។

លោកស្រី ពុធ ធីតា បង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ជាបឋមខ្ញុំតំណាងឲ្យក្រុមការងារទាំងអស់របស់ក្លិបបាល់ទាត់បឹងកេត សុំទោសដល់បងប្អូនអ្នកគាំទ្ររបស់ក្លិបនូវលទ្ធផលក្នុងថ្ងៃនេះ (ចាញ់ណាហ្គាវើលដ៏ ៤-២)។ យោងលើលទ្ធផលថ្ងៃនេះ យើងពិតជាមានឱកាសតិចមែនទែន ក្នុងការប្រជែងពានលីគកំពូលកម្ពុជា។ ខ្ញុំពិតជាមិនចង់និយាយថា យើងទទួលលទ្ធផលមិនសូវល្អតាំងពីដើមរដូវកាលមកឥឡូវនេះដោយមូលហេតុណាមួយទេ»

លោកស្រីបន្ដថា «យើងទទួលនូវកំហុស និងបន្តប្រឹងប្រែងកែតំរូវបន្តទៀត ដើម្បីនាំយកលទ្ធផលល្អជូនដល់បងប្អូនអ្នកគាំទ្ររបស់យើង មានតែយើងទាំងអស់គ្នានៅក្នុងក្លិបយល់ពីស្ថានភាពរបស់យើង ទោះបីយើងជួបផលវិបាកដោយបាត់បង់កីឡាករសំខាន់ៗ ដែលតែងតែជាកីឡាករ ១១នាក់តំបូងរបស់យើង ដោយសាររបួស និងបញ្ហាផ្សេងៗ។ ប៉ុន្តែសូមកោតសរសើរដល់ក្រុមការងារ គ្រូបង្វឹក និងកីឡាករ ដែលតែងតែព្យាយាមតាំងចិត្ត ប្រឹងប្រែងតស៊ូ លេងដោយបេះដូង និងឆន្ទះ ដើម្បីក្លិប និងអ្នកគាំទ្រ ដោយយើងមានកីឡាករត្រឹមតែ ១៦នាក់គត់ សម្រាប់ផ្លាស់ប្តូរក្នុងការប្រកួតដ៍មមាញឹកនេះ»

គួរដឹងថា ក្រោយបន្ដបរាជ័យលើកទី២ ក្រោមថ្វីជើងក្រុមនាគមាសណាហ្គាវើលដ៏ នៅកីឡដ្ឋានស្ដាតចាស់កាលពីម្សិលមិញ បានធ្វើឲ្យបឹងកេត បន្ដឈរលេខ៤ និងមាន ៣៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងភ្នំពេញក្រោន ៣ពិន្ទុ តែភ្នំពេញក្រោន នៅសល់ ៣ប្រកួតក្នុងដៃទៀត ផ្ទុយពីក្រុមជើងឯក ៤សម័យបឹងកេត ដែលនៅសល់ត្រឹម ២ប្រកួតប៉ុណ្ណោះ។ រីឯបេក្ខភាពប្រជែងពាន ២ក្រុមទៀត កំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ គឺក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន ៣៦ពិន្ទុ នៅសល់ ២ប្រកួត និងក្រុមវិសាខា ឈរលេខ៣ មាន ៣៥ពិន្ទុ នៅសល់ ៣ប្រកួតទៀត៕