(បាត់ដំបង)៖ អតីតតារាសម្ដែងសិចស៉ី សេង សូណា បន្ទាប់ពីបានឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃខេត្តបាត់ដំបង អស់រយៈពេល២២ថ្ងៃមក គិតមកត្រឹមដើមខែតុលានេះ ស្ថានភាពជំងឺរបស់នាង គឺបានជាសះស្បើយហើយ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្តទៀត។ ទន្ទឹមគ្នានេះ សេង សូណា បានផ្តាំផ្ញើនូវសារថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ-១៩គ្រប់រូប រហូតដល់បានជាសះស្បើយ។

តារាសម្ដែងធ្លាប់មានជីវិតហ៉ីហា ចាយលុយពេញៗដៃ សេង សូណា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃនេះ រហូតមកទល់នឹងពេលនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យនាង ចាកចេញពីកន្លែងព្យាបាលហើយ បន្ទាប់ពីបានជាសះស្បើយ តែនៅបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ថែមទៀត នៅក្នុងផ្ទះជួលមួយកន្លែង នាខេត្តបាត់ដំបង ដើម្បីឲ្យប្រាកដថា បានជាសះស្បើយ១០០ភាគរយ។

សេង សូណា ក៏មិនភ្លេចនោះឡើយ ក្នុងការថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំពាកព័ន្ធទាំងអស់ និងចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងព្យាបាលនាង និងអ្នកជំងឺផ្សេងទៀត រហូតដល់បានជាសះស្បើយ ដោយក្នុងនោះ នាងបាននិយាយថា «ខ្ញុំសេង សូណា សូមថ្លែងអំណរគុណ ដល់អ្នកគ្រូលោកគ្រូពេទ្យទាំងអស់ ដែលមើលថែពួកខ្ញុំបានដិតដល់ បានល្អ នាងខ្ញុំបានជាពីជំងឺកូវីដ-១៩ ដែលសំរាកព្យាបាលនៅខេត្តបាត់ដំបង រយៈពេល២២ ថ្ងៃ។ ១៤ ថ្ងៃទៀតផុតទុក្ខហើយ»។

សេង សូណា បន្ថែមថា «ហើយនាងខ្ញុំ សេង សូណា សូមថ្លែងអំណរគុណដល់អភិបាលខេត្ត ហើយនឹងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខំប្រឹងប្រែងមើលថែអ្នកជំងឺកូវីដ-១៩ ទាំងអស់ដែលនៅទីរួមខេត្តបាត់ដំបង អរគុណជំនួសពួកគាត់ទាំងអស់គ្នាផងដែរ»

សូមបញ្ជាក់ថា អតីតតារាសម្ដែងចូលចិត្តលេងខ្លួនសិចស៉ី កញ្ញា សេង សូណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសជាសាធារណៈថា នាងបានឆ្លងជំងឺកូវីដ-១៩ ហើយក៏កំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង រហូតធ្លាក់ខ្លួនដុនដាបក្នុងកម្រិតជីវភាពមួយ ស្ទើរតែហៅលែងឮ ខណៈសម្រស់របស់នាងក៏ប្រែប្រួលខុសពីពេលមុនឆ្ងាយ មើលស្ទើរតែមិនចង់ស្គាល់ទៀតផង៕