(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកលក្ខណៈលីគអាជីពលំដាប់អន្ដរជាតិលើកដំបូងនៅកម្ពុជា MPL KH រដូវកាលទី១ សម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ហើយ ដោយក្រុម SeeYouSoon បានគ្រងតំណែងជើងឯក អមជាមួយប្រាក់រង្វាន់ចំនួន ១៥,០០០ដុល្លារ។

ព្រឹត្តិការណ៍ដ៏ធំ ដែលរៀបចំដោយក្រុមហ៊ុន Moonton បានចាប់ផ្ដើមការប្រកួតតាំងពីដើមខែសីហា ដោយមានក្រុមចុះឈ្មោះចូលរួមជាង ៦០០ក្រុម តែគណៈកម្មការបានចម្រាញ់យក ២៥៦ក្រុមប៉ុណ្ណោះ ដើម្បីធ្វើការប្រកួតជម្រុះ រកបេក្ខភាពឡើងវគ្គបន្ដបន្ទាប់រហូតដល់វគ្គ Regular, វគ្គ Play-Off, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលទើបបញ្ចប់ការប្រកួតកាលពីថ្ងៃទី០៣ ខែតុលាម្សិលមិញ។

ក្នុងការប្រកួតវគ្គនីមួយៗ គេឃើញមានសន្ទុះការគាំទ្រកាន់តែខ្លាំងឡើងៗ ដែលនាំឲ្យព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលីគអាជីពលើកដំបូងនៅកម្ពុជានេះ ទទួលបានជោគជ័យលើសពីការរំពឹងទុក ពិសេសការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ គឺកាន់តែជក់ចិត្តថែមទៀត បន្ទាប់ពីក្រុម SeeYouSoon បានយកឈ្នះក្រុម DG Quantum ទាំងប្រផិតប្រផើយក្នុងលទ្ធផលបច្ចេកទេស ៣-២ ដើម្បីគ្រងជើងឯក MPL KH រដូវកាលទី១។

ក្រោយដំណើរការប្រកួតជាច្រើនសប្ដាហ៍កន្លងមកនេះ គណៈកម្មការរៀបចំបានធ្វើការវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍ MPL KH រដូវកាលទី១ ដោយរំពឹងថា នឹងក្លាយជាវេទិកាដ៏អស្ចារ្យមួយ ដើម្បីជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែមានភាពផុលផុស និងមានភាពរីកចម្រើនកាន់តែខ្លាំង ដើម្បីមានកម្រិតសមត្ថភាព និងឈានទៅរកការប្រកួតប្រជែងដោយស្មើមុខមាត់ជាមួយប្រទេសប្រទេសនានាលើពិភពលោក។

ចំពោះរង្វាន់ក្រុមជយលាភីវិញ សម្រាប់ក្រុមជើងឯក SeeYouSoon បានទទួលពាន មេដាយមាស អមប្រាក់រង្វាន់ ១៥,០០០ដុល្លារ ខណៈក្រុមជើងឯករង DG Quantum ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៧,០០០ដុល្លារ។ រីឯលេខ៣ បានទៅក្រុម Impunity KH ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៣,៨០០ដុល្លារ និងលេខ៤ ក្រុម Burn Gaming ទទួលបានប្រាក់រង្វាន់ ១,៦០០ដុល្លារ។ ចំណែកក្រុមលេខ៥ ស្ទួន គឺក្រុម NewBlood និង Fennec Esports ទទួលបានប្រាក់រង្វាន់ ១,២០០ដុល្លារស្មើគ្នា។

សូមបញ្ជាក់ថា ក្នុងនាមជាក្រុមជើងឯក MPL KH រដូវកាលទី១ ក្រុម SeeYouSoon បានក្លាយជាក្រុមតំណាងកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតជើងឯក M3 World Championship នាខែធ្នូ ឆ្នាំ២០២១ នេះ ដែលនឹងមានក្រុមខ្លាំងៗចំនួន១៦ ក្រុមមកពីជុំវិញពិភពលោកចូលរួមប្រកួត៕