(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែតុលានេះ ដើម្បីពង្រឹងកៅអីកំពូលតារាង និងបង្កើនឱកាសដណ្ដើមពានជាថ្មី បន្ទាប់ពីខកខានអស់ ៥រដូវកាល ។

ជំនួបនៅកីឡដ្ឋានស្ដាតចាស់នេះ ក្រុមសិង្ហក្រហម បានស៊ុតបំប៉ោងសំណាញ់ទីក្រុមលោក Lee Tae Hoon ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ប្រាក់ ធីវ៉ា និងប្រធានក្រុម អ៊ន ចាន់ប៉ូលីន ។ ចូលវគ្គទី២ ក្រុមភ្ញៀវបានបន្ដដាក់សម្ពាធ រហូតបន្ថែមគ្រាប់ទី៣ ពីសំណាក់កីឡាករ ប្រាក់ ធីវ៉ា ដដែល ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត ដោយក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ មិនអាចបំបែកពង់មាន់ក្រុមភ្ញៀវបានឡើយ ។

ក្រោយបន្ថែម ៣ពិន្ទុពេញនេះ បានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោន បន្ដឈរកំពូលតារាង និងបន្ថែមគម្លាតពិន្ទុពីគូប្រជែង ដោយពួកគេមាន ៤០ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន ៣៦ពិន្ទុ នៅសល់ ២ប្រកួត ខណៈវិសាខា ឈរលេខ៣ មាន ៣៥ពិន្ទុ នៅសល់ ៣ប្រកួត និងក្រុមការពារតំណែងជើងឯកបឹងកេត ឈរលេខ៤ មាន ៣៤ពិន្ទុ នៅសល់ ២ប្រកួតក្នុងដៃប៉ុណ្ណោះ ។

ផ្អែកលើលទ្ធផលបណ្ដោះអាសន្នពេលនេះ គេឃើញបេក្ខភាព ៤ក្រុមខាងលើ នៅតែមានឱកាសប្រជែងពានដូចគ្នា គ្រាន់តែភ្នំពេញក្រោន មានប្រៀបជាងគេ តែពួកគេ ក៏ត្រូវធ្វើការងារធ្ងន់ សម្រាប់ ២ប្រកួតចុងក្រោយ ដោយត្រូវជួបវិសាខា និងបឹងកេត ដែលជាក្រុមត្រូវការឈ្នះរៀងខ្លួន ដើម្បីក្ដោបឱកាសដណ្ដើមពាន ។ ភ្នំពេញក្រោនត្រូវការយ៉ាងហោច ៣ ឬ ៤ពិន្ទុពី ២ប្រកួតចុងក្រោយ ដើម្បីក្លាយជាក្រុមជើងឯកលើកទី៧ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ៕