(ប៉ារីស)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Kylian Mbappe បានលើកឡើងថា លោកបានបញ្ជាក់ប្រាប់ក្លិប Paris St Germain កាលពីខែកក្កដាថា លោកចង់ចាកចេញ ដែលអនុញ្ញាតឲ្យក្លិបលេងនៅលីគ Ligue 1 នេះ ទទួលបានប្រាក់មួយចំនួន ពីការផ្ទេរខ្លួនរបស់លោក ហើយនឹងមានពេលវេលា ដើម្បីស្វែងរកកីឡាករថ្មីមកជំនួសបាន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។

PSG បានបដិសេធការតថ្លៃជាច្រើនលើក របស់ក្លិប Real Madrid ទៅលើកីឡាករ Mbappe, ដែលអាចចាកចេញ ដោយគ្មានតម្លៃខ្លួន នៅចុងរដូវកាលនេះ ខណៈកិច្ចសន្យារបស់លោក នឹងផុតកំណត់ នៅខែមិថុនាឆ្នាំក្រោយ។

«ខ្ញុំបានស្នើសុំដើម្បីចាកចេញ, ដោយសារចាប់ពីពេលនេះតទៅ ខ្ញុំមិនចង់បន្តកិច្ចសន្យានោះទេ, ខ្ញុំចង់ឲ្យក្លិប ទទួលបានតម្លៃនៃការផ្ទេរខ្លួន ដើម្បីស្វែងរកកីឡាករមានគុណភាព មកជំនួសវិញ», នេះបើតាមសម្តី កីឡាករវ័យ២២ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន RMC Sport នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលបានចាកផ្សាយនាថ្ងៃអង្គារ៕