(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅប្រទេសបារ៉ែននាវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី០៥ ខែតុលានេះ ដើម្បីធ្វើការប្រកួតជម្រុះ Play-Off នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (AFC Asian Cup China 2023 Qualifiers) ទល់នឹងកោះហ្គាំនាចុងសប្ដាហ៍នេះ។

មុនចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃទី០៤ ខែតុលាម្សិលមិញ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាអនុប្រធានសហព័ន្ធលោក ខៀវ សាម៉េត បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ។

តាមការគ្រោងទុកក្រុមគោព្រៃកម្ពុជា នឹងចំណាយពេលប្រមាណ ៨ម៉ោង ដើម្បីធ្វើដំណើរទៅដល់បារ៉ែន មិនដូចកាលពីទៅប្រកួតជម្រុះ World Cup កាលពីខែមិថុនានោះទេ ដែលប្រើពេលជាង ៣០ម៉ោង (ផ្លាស់ប្ដូរជើងហោះហើរ និងរង់ចាំច្រើនម៉ោង)។ ដូច្នេះក្រុមជម្រើសជាតិកម្ពុជាមានរយៈពេល ៣ថ្ងៃ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Ryu Hirose មុនជួបកោះហ្គាំ។

គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំ ទាំង ២ជើងនៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដោយជើងទី១ នៅទី០៩-តុលា និងជើងទី២ នៅថ្ងៃទី១២-តុលា ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតជាមួយកោះហ្គាំ សម្រាប់កីឡាករលើសអាយុ ២៣ឆ្នាំ នឹងត្រឡប់មកមាតុភូមិវិញ ប៉ុន្ដែកីឡាករអាយុក្រោម ២៣ឆ្នាំ នឹងត្រូវបន្ដបេសកកម្មមួយទៀត គឺការបន្ដដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022–Qualifiers ពូល K។

ចំពោះការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ កម្ពុជានឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងៗចំនួន២ គឺជប៉ុន និងហុងកុង។ សម្រាប់ជំនួបបើកឆាកពូល K កម្ពុជានឹងត្រូវជួបក្រុម U23 ហុងកុង នាថ្ងៃទី២៣ ខែតុលា មុនជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village តែមួយគត់។

គួរដឹងថា កីឡាករ ៣៦នាក់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ីទាំង២ ខាងលើ ហើយពួកគេ នឹងធ្វើដំណើរទៅប្រទេសបារ៉ែនទាំងអស់គ្នានៅព្រឹកនេះ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នា។ ក្នុងនោះគេឃើញមានកីឡាករមួយចំនួន ត្រូវបានកោះហៅជាថ្មី ក្រោយខកខានជាច្រើនឆ្នាំដូចជា ចាន់ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋ ជាដើម ខណៈកីឡាករវ័យក្មេងមួយចំនួន ត្រូវបានផ្ដល់ឱកាសលើកដំបូង ដើម្បីជួយក្រុមគោព្រៃកម្ពុជាផងដែរ៕