(មេនឆេស្ទើ)៖ ក្រុមគ្រួសារលោក Joel Glazer បានប្រកាសពីការដាក់លក់ភាគហ៊ុនចំនួន ៩.៥លានផ្សេងទៀត ដែលស្មើនឹងទឹកប្រាក់ប្រមាណ ១៨៦.៨៦លានដុល្លារ តែក្លិបប្រចាំនៅទីក្រុង Manchester ប្រទេសអង់គ្លេសមួយនេះមិនទទួលពីអត្ថប្រយោជន៍នេះទេ។

United បានជូនដំណឹងដល់ទីផ្សារលក់ភាគហ៊ុនប្រចាំក្រុងញូវយ៉ក សហរដ្ឋអាមេរិក អំពីការលក់ហ៊ុននេះកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ តាមរយៈនាយកក្លិបបិសាចក្រហម លោក Kevin Glazer និង Edward Glazer។

តែយ៉ាងណា សេចក្តីថ្លែងការណ៍នេះបញ្ជាក់យ៉ាងច្បាស់ថា ក្លិបខាងលើនឹងមិនទទួលបានប្រាក់ចំណេញពីការលក់ឡើយ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

គួរដឹងថា វាមានរយៈពេល ៥ខែមកហើយ ក្រោយពេលក្លិបលេងនៅ Premier League មួយនេះ ត្រូវបានពន្យារពេលប្រកួតទល់នឹង Liverpool ក្នុងលីគអង់គ្លេស ដោយសារបញ្ហាអ្នកគាំទ្រតវ៉ាប្រឆាំងទៅនឹង UEFA Super League នៅពេលដែលគ្រួសារលោក Joel Glazer បានក្លាយជាសហប្រធានពានថ្មីខាងលើនេះ។

កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ លោក Avram Glazer ក៏បានដាក់លក់ភាគហ៊ុនដែលទទួលបានទឹកប្រាក់ប្រមាណ ៧០លានផោនរួចមកហើយដែរ៕