(មីឡាន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានលីគអឺរ៉ុប UEFA Nations League 2020-2021 នៅពេលយកឈ្នះគូប្រជែងអាសូរីអ៉ីតាលី ២-១ នៅយប់ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ពីក្នុងវគ្គ ៤ក្រុមចុងក្រោយ។
អេស្ប៉ាញ ដែលដឹកនាំដោយលោក Luis Enrique ត្រូវរង់ចាំរវាងក្រុមឈ្នះប៊ែលហ្សិក និងមាន់គកបារាំង បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ ដើម្បីប្រជែងយកពាន Nations League រដូវកាលទី២ នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ក្រុមគោជល់អេស្ប៉ាញ បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ ៣៧ប្រកួតជាប់ៗគ្នារបស់អតីតជើងឯក Euro 2020 អ៉ីតាលីដែលបរាជ័យក្នុងទឹកដីនៃកីឡដ្ឋាន San Siro ក្នុងការប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានដែលលេងរៀងរាល់ ២ឆ្នាំម្តងនេះ ក្រោមការបង្វឹករបស់លោក Roberto Mancini។
ខ្សែប្រយុទ្ធមកពីក្លិបមេឃខៀវ Manchester City, Ferran Torres ជាអ្នករកបានទាំង ២គ្រាប់នៅនាទី១៧ និងនាទី៤៥+២ ពីការជ្រោមជ្រែងរបស់ Oyarzabal ដ្បិតម្ចាស់ផ្ទះអ៉ីតាលីលេងគ្នាតែ ១០នាក់ចាប់ពីនាទី៤២ មកនៅពេលខ្សែការពារ Leonardo Bonucci ត្រូវបានពិន័យកាតក្រហម និង Pellegrini រកបានតែ ១គ្រាប់វាយបកនៅនាទី៨៣ ប៉ុណ្ណោះ៕