(កូរ៉េ)៖ បន្ទាប់ពីភាពយន្តភាគរបស់កូរ៉េ «Squid Game» បានក្លាយជាភាពយន្ត ដែលផ្ទុះការគាំទ្រខ្លាំងនៅទូទាំងពិភពលោក ក្រោយចាក់បញ្ចាំងនៅលើ Netflix ហើយនោះ ងាកមកសិល្បករ-សិល្បការិនី ដែលចូលរួមសម្តែងក្នុងរឿងនេះ គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងពិភលោក។ ជាក់ស្តែង តួស្រីក្នុងរឿងនេះ ដែលមានឈ្មោះពិតថា Jung Ho Yeon នៅពេលនេះ បានចាប់ផ្តើមទំព័រជីវិតជោគជ័យថ្មីរបស់ខ្លួន ក្រោយត្រូវបានប្រេនដ៏ធំលំដាប់ពិភពលោក LV ជ្រើសរើសជាឯកអគ្គរដ្ឋទូតសាកលប្រចាំប្រេនរបស់ខ្លួន។

បើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ នៅពេលដែលនាងចាប់អាជីពជាតារាម៉ូដែល កញ្ញា Jung Ho Yeon ក៏ធ្លាប់បានធ្វើការជាអ្នកបង្ហាញម៉ូតផលិតផលឲ្យក្រុមហ៊ុន LV ផងដែរ។ តែយ៉ាងណា នៅពេលនេះនាងបានចាប់ផ្តើមទំព័រជីវិតថ្មី ដោយទទួលបានតំណែងធំជាងមុនទ្វេដង គឺក្លាយជាឯកអគ្គរដ្ឋទូតសាកលប្រចាំប្រេននេះតែម្តង។ តែយ៉ាងណា មិនមានព័ត៌មាន អំពីរយៈពេលនៃកុងត្រាការងាររបស់ Jung Ho Yeon និងតម្លៃខ្លួនរបស់នាងឡើយ។

កញ្ញា Jung Ho Yeon ផ្ទាល់បានបញ្ចេញសារយ៉ាងដូច្នេះថា នាងពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានធ្វើការងារជាមួយក្រុមហ៊ុន LV ចាប់តាំងពីតំណែងដំបូងក្នុងនាមជាតារាបង្ហាញម៉ូតផលិតផល ខណៈពេលនេះរហូតទទួលបានតំណែងថ្មី និងធំមួយទៀត គឺឯកអគ្គរដ្ឋទូតសាកល។

សូមជម្រាបថា ការទទួលបានជោគជ័យនៅពេលនេះ របស់ Jung Ho Yeon គឺបន្ទាប់ពីភាពយន្ត «Squid Game» ដែលនាងចូលរួមសម្តែង ផ្ទុះការគាំទ្រខ្លាំងទូទាំងពិភពលោក ពោលគីបន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់ សម្លាប់មនុស្សឆៅៗមួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យ លើសពីការរំពឹងទុកក្នុងវគ្គមួយ ក្រុមហ៊ុនក៏កំពុងផលិតវគ្គពីរជាបន្តផងដែរ៕