(ភ្នំពេញ)៖ ក្រុមបាល់ទាត់សូលទីឡូអង្គរ កំពុងប្រឈមនឹងការកាត់ចេញពីក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ កាន់តែខ្លាំង បន្ទាប់ពីប្រកួតស្មើក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ២-២ ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី១៤ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។

ជំនួបរវាងក្រុមត្រូវការពិន្ទុ ដើម្បីស្វែងរកកៅអីសុវត្ថិភាពនេះ អគ្គិសនីកម្ពុជា បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តាំងពី ៥៧វិនាទីដំបូង ពីការស៊ុតរបស់កីឡាករ សាទី មុនក្រុមសូលទីឡូអង្គរ វាយបកនាំមុខ ២-១ វិញ ដោយកីឡាករ Takeo Miyazaki នៅនាទី៣៦ និងកីឡាករ មិត្ត សាម៉ើយ នៅនាទី៦២ ។ ប៉ុន្ដែនៅនាទី៦៥ កីឡាករ សា ទី ដដែល បានវាយបកគ្រាប់តាមស្មើ ២-២ ឲ្យក្រុមម្ចាស់ផ្ទះភ្លាមៗ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមសូលទីឡូអង្គរ មានពិន្ទុកាន់តែដាច់ឆ្ងាយពីគូប្រជែង ក្នុងនាមក្រុមបាតតារាង ដែលទើបរកបាន ៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៤ប្រកួតឈ្នះ ១ ស្មើ ៣ និងចាញ់ ១០ នៅសល់ ២ប្រកួតក្នុងដៃ ។ រីឯក្រុមអគ្គិសនីកម្ពុជា បន្ដឈរលេខ១១ និងមាន ១២ពិន្ទុ នៅសល់ ១ប្រកួតទៀត ។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមអគ្គិសនីកម្ពុជា បានទទួលកៅអីសុវត្ថិភាព រួចផុតពីតំបន់កាត់ចេញពីលីគកំពូលកម្ពុជា ឆ្នាំ២០២២ ហើយ ។

ដូច្នេះបេក្ខភាព ដែលប្រឈមនឹងការកាត់ចេញនៅសល់តែ ២ក្រុមប៉ុណ្ណោះ គឺខេត្តព្រៃវែង និងសូលទីឡូអង្គរ ។ បច្ចុប្បន្នខេត្តព្រៃវែង កំពុងឈរលេខ១២ និងមាន ១០ពិន្ទុ មានប្រៀបជាងសូលទីឡូអង្គរ ៤ពិន្ទុ ខណៈនៅសល់ ១ប្រកួតក្នុងដៃ ហើយបើព្រៃវែង ឈ្នះការប្រកួតចុងក្រោយរបស់ខ្លួន បេក្ខភាពត្រូវកាត់ចេញនារដូវកាលក្រោយ នឹងធ្លាក់ទៅក្លិបរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺក្លិបសូលទីឡូអង្គរ ដោយស្វ័យប្រវត្តិតែម្ដង៕