(សៀមរាប)៖ លេខាធិការដ្ឋាននៃគណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា រួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ប្រាសាទ។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភ័ណភាពតំបន់ជុំវិញរចនាសម្ពន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរពនិងរក្សាឱ្យបាននូវតម្លៃនៃសភាពដើម និងបូរណភាពរបស់អង្គរ។

កិច្ចការនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើលការងារមួយចំនួននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី និងប្រាសាទមេបុណ្យខាងលិចជាដើម៕