(តូរីន)៖ ក្រុមជម្រើសជាតិមាន់គកបារាំង បានយកឈ្នះគូប្រជែងប៊ែលហ្សិក ដើម្បីឡើងទៅប៉ះអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានលីគអឺរ៉ុប UEFA Nations League 2020-2021 ដែលនឹងធ្វើឡើងនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

បារាំង បានយកឈ្នះក្រុមលេខ១ ពិភពលោក បិសាចក្រហមប៊ែលហ្សិក ក្នុងលទ្ធផល ៣-២ នាកីឡដ្ឋាន Allianz ដែលជាទឹកដីរបស់ក្លិបសេះបង្កង់ Juventus បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Nations League រដូវកាលទី២ នេះ ដ្បិតអេស្ប៉ាញយកឈ្នះម្ចាស់ផ្ទះអាសូរីអ៉ីតាលី ២-១ ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍។

នេះជាលទ្ធផលទី២ ផងដែរ គិតចាប់តាំងពីបារាំងបានយកឈ្នះប៊ែលហ្សិកក្នុងវគ្គ ៤ក្រុមនេះដូចគ្នាក្នុង FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ខ្សែបម្រើ Yannick Carrasco និងខ្សែប្រយុទ្ធចំតួ Romelu Lukaku ជាអ្នករកបានគ្រាប់នាំមុខទាំង ២គ្រាប់ឲ្យក្រុមរបស់លោក Roberto Martinez ពីការបញ្ជូនរបស់ខ្សែបម្រើតែម្នាក់គត់ Kevin de Bruyne មុនពេលត្រូវបានកូនក្រុមរបស់លោក Didier Deschamps វាយបកបាន ៣គ្រាប់ទទួលជ័យជម្នះវិញដោយកីឡាករ Karim Benzema និងប៉េណាល់ទីដោយ Kylian Mbappe និង ១គ្រាប់ចុងម៉ោងរបស់ Theo Hernandez ខ្សែការពារមកពីក្លិប AC Milan នៅនាទី៩០៕