(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងលេងក្រោមការដឹកនាំដោយអាជ្ញាកណ្តាលជាស្រ្តីក្នុងឈុតធំជាលើកដំបូង ពេលប៉ះអង់គ្លេសអង់ដូរ៉ា វគ្គជម្រុះ FIFA World Cup 2022 ចុងសប្តាហ៍នេះ។

លោកស្រី Kateryan Monzul សញ្ជាតិអ៊ុយក្រែន ត្រូវបានចុចឈ្មោះឲ្យដឹកនាំការប្រកួតរវាងអង់គ្លេស ប៉ះអង់ដូរ៉ា គ្រាដែលនាង Maryna Striletska រួមទាំង Svitlana Grushko ជាមន្រ្តីជំនួយការរបស់នាង នៅពេលដែលនាង Stephanie Frappart ដែលជាជនជាតិបារាំងនោះ ជាអ្នកកាន់ VAR។

នេះជាលើកដំបូងផងដែរសម្រាប់ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិអង់គ្លេស មានអាជ្ញាកណ្តាលធំជាស្រ្តីក្នុងការប្រកួតអន្តរជាតិរបស់ខ្លួន។

កន្លងមកនាង Monzul វ័យ ៤០ឆ្នាំនោះ ក៏ធ្លាប់ធ្វើជាអាជ្ញាកណ្តាលក្នុងប្រកួត UEFA Nations League រវាងក្រុមសាំងម៉ារ៉ាំង ប៉ះហ្ស៊ីប្រាតាផងដែរកាលឆ្នាំទៅ ដែលបានក្លាយជាស្រ្តីដំបូងគេដឹកនាំការប្រកួតក្នុងឈុតធំជម្រើសជាតិបែបនេះ ក្រោយពេលក្លាយជាស្រ្តីដំបូងគេដែលបានដឹកនាំការប្រកួតនៅលីគកំពូលអ៊ុយក្រែន រួមទាំងការកាត់ក្តីនៅពាន Women’s World Cup និងពាន European Championships ថែមទៀតផង៕