(អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសឱ្យដឹងថា ខ្លួនបានលក់ក្រុមហ៊ុនផ្ដល់សេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ ទូរស័ព្ទដៃ MoPub ទៅឱ្យក្រុមហ៊ុនផលិតហ្គេម AppLovin ក្នុងតម្លៃ ១,០៥ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធ ដែលការលក់នេះត្រូវបានគេមើ់លឃើញថា Twitter មានបំណងបង្កើតប្រាក់ចំណូលបានគ្រប់ផែនការនៅឆ្នាំ២០២៣។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Twitter បានកំណត់ផែនការបង្កើនប្រាក់ចំណូលរបស់ខ្លួនឱ្យបាន ៧,៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ហើយការលក់ក្រុម ហ៊ុន MoPub គឺជាផ្នែកមួយនៃការ សម្រេចគោលដៅមួយនេះ។

លោក Jack Dorsey នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Twitter ដែលទើបតែឡើងកាន់តំណែង ថ្មីៗ បានថ្លែងឱ្យដឹងថា ការលក់ក្រុមហ៊ុន MoPub គឺមិនមែនមានន័យថា ក្រុមហ៊ុន Twitter ជួបបញ្ហា ឬវិបត្តិអ្វីមួយនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រមួយនៃការបង្កើនប្រាក់ចំណូល និង ជាផ្នែកមួយនៃផែនការពង្រឹងទៅលើការផ្ដល់សេវាកម្មរបស់ Twitter ចំពោះអ្នកប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អបំផុតជាមួយ Twitter។

នាយកប្រតិបត្តិរូបនេះក៏បានបន្ថែមទៀតថា MoPub បានជួយ Twitter ក្ន ុងការរកប្រាក់ចំណូលបាន ច្រើន សន្ធឹកផងដែរ ដោយកាលពីឆ្នាំ២០២០ MoPub រកចំណូលបាន ១៨៨លានដុល្លារ ដែលស្មើនឹង ៥,៩ភាគរយនៃប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម សរុប របស់ Twitter និងស្មើនឹង ៥ភាគរយ នៃប្រាក់ចំណូលដែលបានមកពីការលក់ប្រចាំឆ្នាំ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Twitter នឹងប្រកាសបង្ហាញពីព័ត៌មានលម្អិតនៃការលក់ ក្រុមហ៊ុន MoPub នេះនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ ដែលជាថ្ងៃប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Twitter បានទិញក្រុមហ៊ុន MoPub កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៣៥០លានដុល្លារអាមេរិក និងបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ១,៥ពាន់លានដុល្លារ៕