(ភ្នំពេញ)៖ ពិភពលោកកំពុងជួបប្រទះ បញ្ហាប្រឈមដ៏ខ្លាំងមួយ ជាមួយសហគមន៍ និងសេដ្ឋកិច្ចនៅគ្រប់ទីកន្លែង ដែលរងផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ១៩។

ប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលជួបវិបត្តិនេះដែរ ហើយកម្ពុជា បានរួមគ្នាទប់ស្កាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដែលនាំឲ្យរដ្ឋាភិបាល, អង្គភាពនានាមកពីគ្រប់វិស័យ និងបុគ្គលជាច្រើនរួមគ្នា ជួយឆ្លើយតបទៅនឹងការកកើតនៃជំងឺនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត MG, ម៉ូតូ Royal Enfield និងរថយន្តម៉ាក Maxus ប្រចាំនៅប្រទេសកម្ពុជា ពួកគេតែងតែគាំទ្រ និងជួយដល់ប្រជាជនកម្ពុជា ដែលត្រូវការជំនួយ ក្នុងអំឡុងពេលស្ថានភាពកូវីដ១៩នេះ។

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន TF Motors Cambodia បានជូនអំណោយជាម៉ាស ចំនួនប្រមាណ១៦,០០០ម៉ាស ដល់ខេត្តសៀមរាប និងប្រមាណជាង ៤,០០០ ម៉ាសផ្សេងទៀត ជូនដល់មន្ទីរពេទ្យអង្គដួង និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រ និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ។

នេះគឺជាសកម្មភាពដ៏ល្អមួយ ពីក្រុមហ៊ុនឯកជន ដែលតែងតែយកចិត្តទុកដាក់ និងចង់ជួយដល់ប្រជាជនកម្ពុជា ហើយខេត្តសៀមរាប គឺជាខេត្តមួយ ដែលមានសក្តានុពលខ្ពស់ ដោយបានទាក់ទាញឲ្យក្រុមហ៊ុនរថយន្ត MG Cambodia នឹងបើកសាខានៅទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «នៅពេលគិតពីការបរិច្ចាគ ឬការងារមនុស្សធម៌ វាជាការសំខាន់ដែលត្រូវឈរ លើគោលគំនិតច្នៃប្រឌិត និងការបំផុសគំនិតថ្មីៗ ហើយក៏មានវិធីសាស្ត្រជាច្រើនទៀត ដើម្បីធ្វើការជួយ ឬបរិច្ចាគ។ ដូច្នេះហើយក្រុមហ៊ុន TF Motors ពិតជាចង់គាំទ្រ និងជួយដល់រដ្ឋាភិបាល ក្នុងការការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយបរិច្ចាគជាម៉ាសទៅកន្លែងមួយចំនួន ដែលកំពុងត្រូវការ»

លោកបន្ដថា «យើងខ្ញុំក៏សូមអរគុណ ដល់រដ្ឋាភិបាលប្រទេសកម្ពុជា ដែលបានអនុញ្ញាតឲ្យយើងខ្ញុំ អាចឈរជើងលើអាជីវកម្មនៅប្រទេសកម្ពុជា ប្រកបដោយសន្តិភាព និងឱកាសជាច្រើន»