(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics Co Ltd បានប្រកាសឱ្យដឹងថា ប្រាក់ចំណេញត្រីមាសទី៣ឆ្នាំនេះ ប្រហែលជាកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយ ហើយការកើនឡើងនេះដោយសារតែតម្លៃនៃបន្ទះឈីប និង អេក្រង់ស្មាតហ្វូនកើនឡើង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅត្រីមាសទី៣ឆ្នាំនេះ ក្រុមហ៊ុន Samsung បានប៉ាន់ប្រមាណថា នឹងកើនឡើងប្រហែលជា ២៨ភាគរយ ដែលតូលេខនេះពុំធ្លាប់មានឡើងសម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរី និងផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកមួយនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណេញពីខែកក្កដាដល់កញ្ញាមានចំនួន ១៥,៨ទ្រីលានវ៉ុន (១៣,៣ ពាន់លានដុល្លារ) ទាបជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ Smart Refinitiv ចំនួន ១៦,១ ទ្រីលានវ៉ុន ប៉ុន្តែវាគឺជាតូលេខប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៨ ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានឱ្យដឹងថា ការកើនឡើងនៃតម្លៃបន្ទះឈីប បូករួមនឹងការនាំចេញ ព្រមទាំងការចុះកុងត្រាថ្មី បានជួយជំរុញឱ្យក្រុមហ៊ុន Samsung ទទួលបាន ប្រាក់ចំណេញប្រតិបត្តិការអាជីវកម្មបន្ទះឈីបកើនឡើងប្រហែលជា ៧៩ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា ជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ដ៏ធំរបស់ Apple ហើយថ្មីៗនេះ iPhone 13 ត្រូវបានប្រកាសលក់ជាផ្លូវការ ដោយរំពឹងថានឹងលក់បានជាង ៩០លានគ្រឿងនៅឆ្នាំនេះ ខណៈដែល Samsung ក៏នឹងទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកពីការផ្គត់ផ្គង់បន្ទះអេក្រង់ឱ្យ iPhone 13 ផងដែរ៕