(រីយ៉ូ)៖ ក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដែលជាជើងឯកពានបាល់ទាត់ពិភពលោក ៥សម័យកាល បានវាយបកយកឈ្នះក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ៣-១ វគ្គជម្រុះតំបន់អាមេរិកឡាទីន ដែលធ្វើឲ្យក្រុមប្រេស៊ីល មានសង្ឃឹមខ្ពស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន FIFA World Cup Qatar 2022 ខណៈកំពុងរកបាន ២៧ពិន្ទុ ត្រឹម ៩ប្រកួតមិនទាន់ចាញ់ ដែលនៅសល់ការប្រកួតជាមួយក្រុមអាហ្សង់ទីន ដែលបានផ្អាកអំឡុងប្រកួតកាលពីពេលកន្លងទៅថ្មីៗនេះនៃតំបន់អាមេរិកឡាទីន។

ស្ថិតក្នុងការប្រកួតបានត្រឹម ១១នាទីក្រុមវេណេស៊ុយអេឡាមានក្តីសង្ឃឹមជាខ្លាំង បន្ទាប់ពីស៊ុតគ្រាប់នាំមុខក្នុងតង់ទី១ តែការអបអររបស់ពួកគេក៏បាត់ទៅវិញ បន្ទាប់ពីប្រេស៊ីលបានតាមវាយបកយកឈ្នះមកវិញ ៣គ្រាប់យ៉ាងអស្ចារ្យត្រឹម ២០នាទីចុងម៉ោង ខណៈនេះជាការប៉ះគ្នា ១៨លើកនៃប្រជែងពានកម្រិតពិភពលោក World Cup ដែលក្រុមប្រេស៊ីល មិនដែលចាញ់វ៉េណេស៊ុយអេឡានោះទេ។

បច្ចុប្បន្នក្រុមប្រេស៊ីល កំពុងមាន ២៧ពិន្ទុពីលើគូប្រជែងជម្រើសជាតិអាហ្សង់ទីន ដែលរកបានត្រឹម ១៩ពិន្ទុ បន្ទាប់ពីស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះប៉ារ៉ាហ្គាយ ដោយគ្មានគ្រាប់ស៊ុតបំប៉ោងសំណាញ់ទី ហើយគិតត្រឹម ១០ប្រកួត ក្រុមអេក្វាឌ័រ មាន ១៦ពិន្ទុស្មើជាមួយក្រុមអ៊ុយរ៉ូហ្វាយ ខណៈក្រុមកូឡុំប៊ី រកបាន ១៤ពិន្ទុបណ្តោះអាសន្ន ដែលស្ថិតក្នុងចំណោម ១០ប្រទេសមានប៉ារ៉ាហ្គាយ, ប៉េរ៉ូ, ឈីលី, បូលីវី និងវ៉េណេស៊ុយអេឡា ឈរបាតតារាងដែលនៅសល់ ៨ប្រកូតទៀត៕