(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា គ្រោងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១១ ខែតុលាសប្ដាហ៍ក្រោយនេះហើយ ខណៈសហព័ន្ធបានធ្វើការស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីរបស់ខ្លួន បានចេញមកប្រកួតតាមស្ថានីយ៍ និងកម្មវិធីប្រកួតដែលរៀបចំដោយសហព័ន្ធ ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានលើកឡើងថា ការបិទខ្ទប់ហ្វឹកហាត់នេះ គ្រោងធ្វើឡើងរយៈពេល ៣ខែ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២១។ ប៉ុន្ដែតាមព័ត៌មាន គឺមិនអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីចេញក្រៅ ដើម្បីប្រកួតតាមបណ្ដាស្ថានីយ៍ ក៏ដូចជាកម្មវិធីប្រកួតរបស់សហព័ន្ធនោះទេ។ ការណ៍នេះបានបង្កក្ដីកង្វល់សម្រាប់កីឡាករ-កីឡាការិនី ដែលហ្វឹកហាត់ តែមិនបានប្រកួត រហូតពួកគេស្នើឲ្យមានដំណោះស្រាយ ដើម្បីអាចចេញមកប្រកួតខាងក្រៅបាន។

ឆ្លើយតបនឹងកង្វល់របស់ក្រុមជម្រើសជាតិរបស់ខ្លួន លោក ប៊ុយ សុភ័ណ្ឌ និយាយថា «យើងបានស្នើសុំទៅប្រមុខថ្នាក់ដឹកនាំក្រសួងអប់រំ ដើម្បីឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា មានឱកាសចេញមកចូលរួមប្រកួតតាមបណ្ដាស្ថានីយ៍ និងកម្មវិធីដែលរៀបចំដោយសហព័ន្ធ ពីព្រោះថា បើយើងបិទខ្ទប់ហ្វឹកហាត់សុទ្ធ មិនបានប្រកួត វាមិនបានដឹងអំពីសមត្ថភាព និងកម្រិតបច្ចេកទេសពួកគាត់ទេ។ ដូច្នេះការហ្វឹកហាត់ និងការប្រកួត ត្រូវដើរទន្ទឹមគ្នា មានសារៈសំខាន់ដូចគ្នា។ ហេតុនេះ យើងស្នើសុំធ្វើយ៉ាងណា ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានចូលរួមការប្រកួតឲ្យបានច្រើន»។

អគ្គលេខាធិការសហព័ន្ធដដែលបានទទួលស្គាល់ការចេញក្រៅ គឺជាក្ដីបារម្ភ ព្រោះប្រឈមនឹងបញ្ហារីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្ដែជាគោលការណ៍របស់សហព័ន្ធ នឹងរឹតបន្ដឹងទាក់ទងនឹងការចេញមកប្រកួតក្រៅនេះ ដោយនឹងធ្វើការតាមដានកីឡាករ-កីឡាការិនីទាំងអស់ ពេលប្រកួតចប់ត្រូវត្រឡប់ទៅទីតាំងបោះជំរំហ្វឹកហាត់វិញភ្លាម មិនអនុញ្ញាតឲ្យទៅណាឡើយ ពិសេសរាល់ការចេញ-ចូល ត្រូវឆ្លងកាត់ការធ្វើតេស្ដជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងរឹតបន្ដឹងនូវវិធានការបង្ការជំងឺកូវីដ ជូនដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា អំឡុងពេលចេញប្រកួតតាមសង្វៀនផ្សេងៗ។

គួរដឹងថា កីឡាប្រដាល់សកលកម្ពុជា បានទទួលកូតាពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រមូលផ្ដុំក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្ដរជាតិ ឆ្នាំ២០២១ នេះសរុបចំនួន ១៣នាក់ ក្នុងនោះមានកីឡាករ ១១នាក់ និងកីឡាការិនី ២នាក់ ប៉ុន្ដែមានកីឡាករម្នាក់ កំពុងហ្វឹកហាត់ និងប្រកបអាជីពនៅប្រទេសវៀតណាម គឺកីឡាករកូនកាត់ខ្មែរ-អាមេរិក Eric Pieroun Pen ម្ចាស់ខ្សែក្រវាត់ពិភពលោក WBA Asia។ រីឯកីឡាករ-កីឡាការិនី ដែលត្រៀមបិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាដើមសប្ដាហ៍ក្រោយ គឺមានចំនួន ១២នាក់៕