(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសឱ្យដឹងថា ខ្លួននឹងបោះទុនវិនិយោគ ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការប្រើប្រាស់អ៊ីនធើណែតនៅតំបន់អាហ្វ្រិក រួមនឹងអាជីវកម្មប្រភេទ Startup ឱ្យកាន់តែប្រសើរឡើង ខណៈដែលអាហ្វ្រិកគឺជាទីផ្សារស្មាតហ្វូនមួយដែលពោរពេញដោយការប្រើប្រាស់ពីសំណាក់

យុវវ័យ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទឹកប្រាក់ចំនួន ១ពាន់លាន ដុល្លារអាមេរិកនេះ ក្រុមហ៊ុន Google នឹងត្រូវយកទៅវិនិយោគរយៈពេល៥ឆ្នាំ ដោយរួម បញ្ចូលទាំងការចំណាយលើការតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ Equiano ហើយវាក៏ជា គម្រោងហេដ្ឋារចនា សម្ព័ន្ធឯកជនដ៏ធំមួយសម្រាប់ជំរុញការប្រើអ៊ីនធើណែតក្នុងល្បឿនលឿននៅអាហ្វ្រិក។

តំណាងក្រុមហ៊ុន Google បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងមិនអាចសម្រេចនូវបេសកកម្មជា «ជាសកល» នេះបានទេ បើសិនគ្មានការចូលរួមពីប្រជាជន ១,៣ពាន់លាននាក់នៅទ្វីបអាហ្វ្រិក ប្រើប្រាស់អ៊ីនធើណែត ខណៈដែល មនុស្ស ៣០០លាននាក់កំពុងតែអនឡាញ ឬប្រើប្រាស់អ៊ីនធើណែតប្រចាំថ្ងៃ និង ៣០០លាននាក់ផ្សេងទៀត នឹង ទទួលបានការប្រើប្រាស់អ៊ីនធើណែតនៅរយៈពេល ៥ឆ្នាំបន្ទាប់ទៀត។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបញ្ជាក់ឱ្យដឹងថា អ៊ីនធើណែតគឺជាបញ្ហាធំមួយនៅទ្វីបអាហ្វ្រិក ខណៈដែលមានមនុស្សតិចជាងមួយភាគបីបានតភ្ជាប់បណ្ដាញអ៊ីនធើណែត៕