(បរទេស)៖ វិស័យភាពយន្តត្រូវបានគេមើលឃើញថា ហាក់ងើបឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិកូវីដ-១៩។ ជាក់ស្តែង ខ្សែភាពយន្តថ្មីសម្តែងដោយកំពូលតារាសម្តែងអង់គ្លេស Daniel Craig (ដានីញ៉ែល ក្រេក) សម្តែងជាតួអង្គភ្នាក់ងារសម្ងាត់ James Bond 007 ជាលើកទី៥ និងជាលើកចុងក្រោយ មានចំណងជើងថា «No Time To Die» ត្រូវបានរាយការណ៍មកថា បានលក់សំបុត្រអស់ជាង១លានសន្លឹក ទាំងនៅក្នុងប្រទេសអង់គ្លេស និងអៀរឡង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។

រោងភាពយន្ត Odeon បានប្រកាសឲ្យដឹងថា សំបុត្រចូលទស្សនារឿង «No Time To Die» ជាង១លានសន្លឹក ត្រូវបានលក់អស់គ្មានសល់ ទាំងនៅចក្រភពអង់គ្លេស និងនៅប្រទេសអៀរឡង់។ ប្រការនេះ ត្រូវបានគេចាត់ទុកថា ជាការរស់រៀនមានជីវិតឡើងវិញ សម្រាប់វិស័យឧស្សហ៍កម្មភាពយន្ត ក្រោយពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ខណៈខ្សែភាពយន្តនេះ ត្រូវបានពន្យារពេលចាក់បញ្ចាំង៣លើកមកហើយ ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ដោយសារជំងឺរាតត្បាតសាកលកូវីដ-១៩។

គួរជម្រាបថា ភាពយន្ត «No Time To Die» ដែលជាការវិលត្រឡប់មកវិញ របស់តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ក្នុងនាមជាភ្នាក់ងារសម្ងាត់អង់គ្លេសជាលើកទី៥ ហើយក៏ជាលើកចុងក្រោយនេះ អាចរកប្រាក់ចំណូលក្នុងស្រុកបានរហូតដល់ទៅ១០០លានដុល្លារអាមេរិក ត្រឹមការចាក់បញ្ចាំងពីរថ្ងៃ គឺសៅរ៍-អាទិត្យ ចុងសប្តាហ៍កន្លងទៅ ដែលនេះជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុកផងដែរ៕