(ញូវខាសល)៖ ម្ចាស់ថ្មីរបស់ក្លិប Newcastle United នឹងធ្វើការពិភាក្សាបន្ថែមទៀត ជាមួយអ្នកចាត់ការក្លិប លោក Steve Bruce នៅសប្តាហ៍ក្រោយ នៅពេលដែលពួកគេ ត្រួតពិនិត្យប្រតិបត្តិការឡើងវិញ បន្ទាប់ពីមានការគ្រប់គ្រងគាំទ្រដោយអារ៉ាប៊ីសាអូឌីត ជាមួយនឹងទឹកប្រាក់វិនិយោគ៣០៥លានផោន (ជាង៤១៥លានដុល្លារ), នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។

លោកស្រី Amanda Staveley, ដែលនឹងស្ថិតក្នុងក្រុមប្រឹក្សាថ្មីនោះ, បានជួបជជែកម្តងហើយ ជាមួយលោក Bruce និងកីឡាករប្រធានក្រុម Jamaal Lascelles។

លោកស្រី បានជួបជាមួយបុគ្គលិក នាថ្ងៃសុក្រនេះ ហើយនឹងជជែកជាមួយក្រុមកីឡាករ នៅពេលដែលពួកគេវិលត្រឡប់មកវិញ ពីការបំពេញតួនាទីអន្តរជាតិ នៅសប្តាហ៍ក្រោយ។

លោកស្រី Staveley មិនបានបញ្ជាក់ពីគម្រោងស្តីពីអនាគតរបស់លោក Bruce នោះទេ នៅពេលមានការលើកជាសំនួរ ពី BBC Sport នៅថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានោះ លោក Bruce បានប្រាប់សារព័ត៌មាន Daily Telegraph ថា លោកចង់បន្ត ប៉ុន្តែថា «ម្ចាស់ថ្មីរបស់ក្លិប ជាធម្មតា តែងតែចង់បានអ្នកចាត់ការថ្មី»។

Newcastle នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Tottenham នៅក្នុងការប្រកួត ដែលលក់សំបុត្រចូលទស្សនាអស់គ្មានសល់ មុនមួយសប្តាហ៍ នៅពហុកីឡដ្ឋាន St James' Park នាថ្ងៃទី១៧ ខែតុលាខាងមុខនោះ, នឹងក្លាយជាការប្រកួតលើកទី១,០០០របស់លោក Bruce ក្នុងនាមជាអ្នកចាត់ការ។

មានការប៉ាន់ស្មានរួចមកហើយ អំពីអ្នកដែលអាចមកជំនួសតំណែង បុរសវ័យ៦០ឆ្នាំរូបនេះ, ដូចជាអ្នកចាត់ការក្លិប Rangers លោក Steven Gerrard, អតីតគ្រូបង្វឹកក្លិប Chelsea លោក Frank Lampard និងអតីតគ្រូបង្វឹកក្លិប Inter Milan, Juventus និងក្លិប Chelsea លោក Antonio Conte ជាដើម៕